និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។
ប្រទេសរុស្ស៊ីបាននិយាយថា ទង្វើនេះជាការឆ្លើយតបទៅនឹង “ការសម្រេចចិត្តមិនរាក់ទាក់របស់អាជ្ញាធរអាកាសចរណ៍អង់គ្លេស”។
គួររំលឹកឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ី Aeroflot មិនឲ្យចុះចតនៅអង់គ្លេសឡើយ។ វិធានការនេះគឺជាផ្នែកមួយនៃទណ្ឌកម្មដែលត្រូវបានដាក់ចេញ បន្ទាប់ពីការឈ្លានពានរបស់ក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បាននិយាយថា “ខ្ញុំគិតថា វាជាការសងសឹករបស់ពួកគេសម្រាប់ពួកយើងកាលពីម្សិលមិញដែលហាមប្រាម Aeroflot ពីការប្រើប្រាស់ និងការចុះចតនៅចក្រភពអង់គ្លេស”។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី Rosaviatsia បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើង “ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តមិនរាក់ទាក់របស់អាជ្ញាធរអាកាសចរណ៍អង់គ្លេស ទាក់ទងនឹងការរឹតបន្តឹងលើជើងហោះហើរទៀងទាត់នៃយន្តហោះដែលគ្រប់គ្រង ជួល ឬដំណើរការ ដោយបុគ្គលដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ឬចុះឈ្មោះក្នុងប្រទេសរុស្ស៊ី”។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន British Airways បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងជូនដំណឹងដល់អតិថិជនអំពីសេវាកម្មដែលត្រូវបានលុបចោល ហើយនឹងផ្តល់ការសងប្រាក់វិញពេញលេញ៕