នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
លោក Kishida បានប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុងតូក្យូនឹងដាក់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងបុគ្គលរបស់រុស្ស៊ី ជាមួយនឹងទណ្ឌកម្ម ដែលនឹងត្រូវដាក់ភ្លាមៗ ក៏ដូចជា បញ្ឈប់ការនាំចេញទំនិញប្រើប្រាស់យោធា ដូចជា បន្ទះឈីមអេឡិចត្រូនិច ជាដើម។
គួរឲ្យដឹងថា ចំណាត់ការរបស់ប្រទេសជប៉ុនបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មី ក្រោយកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយ។
លោក Kishida ក៏បាននិយាយផងដែរថា សកម្មភាពសម្របសម្រួលជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ប្រឆាំងនឹងរុស្ស៊ី នឹងទប់ស្កាត់ការឈ្លានពានណាមួយនៅក្នុងអាស៊ី និងតំបន់ផ្សេងទៀត។
យ៉ាងណាមិញ ប្រទេសជប៉ុន នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកំណត់កម្រិតផលប៉ះពាល់សេដ្ឋកិច្ចចំពោះខ្លួនឯងពីវិបត្តិអ៊ុយក្រែន រួមទាំងការធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព៕