ស្របពេលដែលការប្រើប្រាស់ដ្រូនកំពុងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ពេលនេះ ប្រទេសចិន បានបង្ហាញចេញនូវច្បាប់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងចាត់ថ្នាក់ និងបញ្ចូលយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាយន្តហោះផ្លូវការ ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ។

ក្រោមច្បាប់ថ្មីនេះ ភាគីដែលពាក់ព័ន្ធក្នុងអាជីវកម្មយន្តហោះគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទទាំងអស់ គឺត្រូវតែមាននូវវិញ្ញាបនបត្រ, ការចុះបញ្ជី និងការត្រួតពិនិត្យជាផ្លូវការពីសំណាក់អាជ្ញាធរ ឬក្រសួងពាក់ព័ន្ធមុនពេលប្រើប្រាស់ ឬធ្វើអាជីវកម្ម។

ក្នុងនោះ ការកំណត់ច្បាប់ថ្មីនេះ គឺមានគោលបំណងធ្វើឲ្យការប្រើប្រាស់យន្តហោះដ្រូនកាន់តែមានសុវត្ថិភាព និងមានស្តង់ដារជាងមុន ពោលគឺដើម្បីបង្ការការរំខាននៅក្នុងបរិវេណសាធារណៈ និងអនុញ្ញាតឱ្យអាជ្ញាធរអាចធ្វើការត្រួតពិនិត្យបានច្បាស់លាស់ជាងមុន។
បន្ថែមពីនេះ ច្បាប់ថ្មីក៏មានគោលបំណងពង្រឹងសុវត្ថិភាព និងស្ថិរភាពអាជីវកម្មដ្រូនដែលកំពុងផ្ទុះឡើងក្នុងប្រទេស និងធានាថាអាជីវកម្មក្នុងស្រុកនៅតែមានស្ថិរភាព និងមានការគ្រប់គ្រងច្បាស់លាស់ផងដែរ៕




