បងប្អូនប្រាកដណាស់ ស្គាល់ពី ហាង Mixue ដែលជាហាងការ៉េម តែគុជ ភេសជ្ជៈជាច្រើនមុខដ៏ពេញនិយមមួយ។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងដោយលោក Zhang Hongchao និង Zhang Hongfu នៅក្នុងឆ្នាំ ១៩៩៧។

Mixue គឺជាក្តីសង្ឃឹមថ្មី បន្ទាប់ពីអ្នកទាំងពីរបានបរាជ័យជាច្រើនដងក្នុងអាជីវកម្ម។ ចាប់ផ្តើមជាមួយដើមទុន ៣០០០ យ័ន ប្រហែល ៤៦០ដុល្លារ បង្កើតបានតូបតូចមួយលក់តាមដងផ្លូវ នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។
Mixue ចាប់ផ្តើម មានសន្ទុះខ្លាំង នៅពេលចេញលក់នូវ ការ៉េម ដែលមានតម្លៃត្រឹមតែ ២យ័ន។ ក្នុងមួយថ្ងៃអាចលក់បានដល់ទៅ ៥០០០ ដើម ក្លាយជាការ៉េមប្រចាំហាងមកដល់សព្វថ្ងៃនេះ។ ការជោគជ័យមួយនេះប្រៀបដូចជាផ្លាស់ប្តូរ ហាង Mixue ក្លាយជាម៉ាកយីហោមួយដែលមានសឹងតែមានគ្រប់ទីកន្លែងទូទាំងប្រទេសចិន។ ចំណែកនៅឆ្នាំ ២០១៨ Mixue ចាប់ផ្តើមលក់ជា franchise និងនាំចេញទៅបណ្តាប្រទេសជាច្រើនទៀត។

ក្រៅពីជាហាងការ៉េមហើយ ពួកគេក៏មានខ្សែសង្វាក់ផលិត ឬ រោងចក្រផលិតផ្ទាល់ខ្លួន តាំងពីវត្ថុធាតុដើម ដូចជាធាតុផ្សំការ៉េម ម្សៅតែ ម្សៅទឹកដោះគោ ប្រភេទនំ គឺធ្វើចេញពីរោងចក្រពួកគេផ្ទាល់ រួមទាំងដឹងថាមានចំការដំណាំផ្ទាល់ខ្លួនទៀតផង ដោយមិនពិបាកពឹងផ្អែកការផ្គត់ផ្គង់ពីខាងក្រៅនោះទេ។

ចំណុចពិសេសពីម៉ាកយីហោមួយនេះគឺ ពួកគេមានយុទ្ធសាស្រ្តដែលជាតម្រូវការរបស់អតិថិជនគ្រប់តំបន់ គឺតម្លៃទាប បរិមាណច្រើន គឺជាយុទ្ធសាស្ត្រឈ្នះៗរបស់ Mixue ដែលអតិថិជនចំណាយតិចទទួលបានច្រើនជាមួយរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ។ ធ្វើឲ្យពួកគេអាចពង្រីកបានគ្រប់ទីកន្លែង មិនថានៅតាមទីក្រុងធំៗ ឬជាយក្រុង តំបន់ឆ្ងាយៗនោះទេ។

ជាដើមហេតុធ្វើឲ្យ ម៉ាកយីហោមួយនេះ មានទីតាំងដល់ទៅជាង ៤៦០០០ កន្លែងកំពុងដំណើរការសព្វថ្ងៃនេះ។ ជាប់ចំណាត់ថ្នាក់ក្លាយជាហាងអាហាររហ័សដែលមានទីតាំងច្រើនជាងគេ ពេញនិយមជាងគេសម្រាប់មនុស្សគ្រប់វ័យ និងមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន។




