យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia (TAA) របស់ប្រទេសថៃ បានផ្អាកជើងហោះហើរទាំងអស់នៅខែនេះ និងពន្យាពេលបង់ប្រាក់ខែជូនបុគ្គលិករបស់ខ្លួនទាំងស្រុង ឬមួយផ្នែក រហូតដល់ខែកញ្ញា។
ក្រុមហ៊ុនអាកាសចរណ៍ថៃដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលមានភាពរឹងមាំបំផុតបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារតែចំនួនអ្នកដំណើរតិច ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមកាលពីដើមឆ្នាំមុន។
គួរឲ្យដឹងថា មិនមែនតែ Thai AirAsia នោះទេ ពោលគឺក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ក្នុងប្រទេសថៃ កំពុងតែទទួលរងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានបញ្ឈប់ការហោះហើរ បន្ទាប់ពីការរឹតត្បិតត្រូវបានដាក់ឲ្យ ដំណើរការកាលពីខែមុន។ កត្តាមួយទៀតនៅក្នុងការសម្រេចចិត្តផ្អាកជើងហោះហើរ គឺដោយសារបទបញ្ជាបិទប្រទេសចុងក្រោយបង្អស់ រួមទាំងការរឹតបន្តឹងការធ្វើដំណើរផងដែរ៕