យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំបំផុតពីររបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានហៅហ្គេមអនឡាញ (online game) ថាជា “ថ្នាំញៀនអេឡិចត្រូនិក”។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent និង NetEase បានធ្លាក់ចុះជាង ១០% នៅក្នុងការជួញដូរនៅទីក្រុងហុងកុង។ ជាមួយគ្នានេះវិនិយោគិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខ្លាចទីក្រុងប៉េកាំងបង្ក្រាបក្រុមហ៊ុនហ្គេមទាំងនោះ។
គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរចិនបានប្រកាសពីវិធានការជាបន្តបន្ទាប់ ដើម្បីរឹតបន្តឹងការក្តោបក្តាប់របស់ពួកគេលើក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអប់រំឯកជន។
អត្ថបទមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរបស់រដ្ឋចិន Economic Information Daily បាននិយាយថា ក្មេងជំទង់ជាច្រើនបានញៀននឹងហ្គេមអនឡាញ ហើយវាកំពុងជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។
អត្ថបទខាងលើបានឲ្យដឹងទៀតថា ហ្គេម Honor of Kings ដែលជាហ្គេមមានប្រជាប្រិយយ៉ាងខ្លាំងរបស់ Tencent កំពុងត្រូវនិស្សិតសាលាចិនលេងវក់វីរ រហូតដល់ ៨ ម៉ោងក្នុងមួយថ្ងៃ៕