ក្រុមហ៊ុនអាកាសចរណ៍ Qantas និយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ២ ៥០០ នាក់ ដោយសារការបិទខ្ទប់នៅទីក្រុងស៊ីដនី ប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងប្រទេសអូស្ត្រាលី។
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីខាងលើបាននិយាយថា ការបញ្ឈប់បុគ្គលិកដ៏ច្រើននេះប៉ះពាល់ដល់ អាកាសយានិក ក្រុមនាវិក និងបុគ្គលិកអាកាសយានដ្ឋាន ហើយនឹងមានរយៈពេលយ៉ាងហោចណាស់ពីរខែឯណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Qantas បាននិយាយថា ខ្លួននឹងបើកប្រាក់ខែដល់បុគ្គលិក រហូតដល់ពាក់កណ្តាលខែសីហា បន្ទាប់ពីនោះពួកគេអាចដាក់ពាក្យសុំប្រាក់សំណងគាំទ្ររបស់រដ្ឋាភិបាល។
គួរឲ្យដឹងដែរថា ចាប់តាំងពីខែមិថុនាមក ការផ្ទុះឡើងថ្មីនៃជំងឺកូវីដ១៩ បានបង្ខំឲ្យរដ្ឋអូស្រ្តាលីភាគច្រើនដាក់ដំណើរការ ការរឹតត្បិតឡើងវិញ។ ក្នុងនោះដែរ វីរុស Delta ថ្មី ដែលមានការរីករាលដាលខ្លាំង បានបង្ខំឲ្យមានការបិទខ្ទប់នៅក្នុងទីក្រុងមួយចំនួន និងការបិទព្រំដែនរដ្ឋមួយចំនួន ទៀតផង។
មិនតែប៉ុណ្ណោះ ស្ថានភាពគឺធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុងស៊ីដនី។ វាត្រូវបានគេមើលឃើញថា មានការឆ្លងថ្មីប្រហែល ២០០ នាក់ជារៀងរាល់ថ្ងៃ បើទោះបីជាត្រូវបានបិទខ្ទប់ទីក្រុង ចាប់តាំងពីថ្ងៃទី ២៦ ខែមិថុនា ក៏ដោយ៕