យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មពិភពលោក បានឲ្យដឹងថា ប្រទេសវៀតណាមបានវ៉ាប្រទេសបង់ក្លាដែស ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី ២ លើពិភពលោក ជាមួយនឹងចំណូលចំនួន ២៩ ពាន់លានដុល្លារអាមេរិក។
វៀតណាម ទទួលបានចំណែកទីផ្សារសម្លៀកបំពាក់ពិភពលោក ៦,៤ ភាគរយកាលពីឆ្នាំមុន តិចជាងចិន ៣១,៦ ភាគរយ។ គួរឲ្យដឹងថា នៅឆ្នាំ ២០១៩ វាមានចំណែកទីផ្សារសម្លៀកបំពាក់ពិភពលោក ត្រឹមតែ ២,៩ ភាគរយប៉ុណ្ណោះ។
យ៉ាងណាមិញ ទិន្នផលសំលៀកបំពាក់របស់បង់ក្លាដែស បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនភាគនៅលោកខាងលិចជាច្រើន បានលុបចោលការបញ្ជាទិញ ឬពន្យារពេលទូទាត់ប្រាក់ ហើយរោងចក្រកាត់ដេរបានបិទទ្វារចំពេលមានជំងឺរាតត្បាតកូវីដ១៩។
លោកសាស្ត្រាចារ្យ Mustafizur Rahman ជាអ្នកជំនាញម្នាក់របស់ប្រទេសបង់ក្លាដែស បាននិយាយថា ការគ្រប់គ្រងរបស់វៀតណាមចំពោះជំងឺរាតត្បាតកូវីដ១៩ នៅឆ្នាំ ២០២០ បានល្អ គឺជាកត្តារួមចំណែកមួយក្នុងការជំរុញផលិតកម្ម និងការនាំចេញសម្លៀកបំពាក់។
យោងតាមការិយាល័យស្ថិតិទូទៅ General Statistics Office បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម មានតម្លៃ ១៨,៦ ពាន់លានដុល្លារ ដែលជាការកើនឡើងជាង ១៤ ភាគរយ៕