ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor និង Nissan Motor បានមើលឃើញការលក់រថយន្តរបស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ នៅក្នុងខែកក្កដានេះ ស្របពេលដែលការលក់រថយន្តសរុបនៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះបានធ្លាក់ចុះ។
ក្នុងនោះក្រុមហ៊ុន Honda បានលក់រថយន្តដាច់ចំនួន ១០៨ ១៣៩ គ្រឿងនៅក្នុងប្រទេសចិន កាលពីខែកក្កដា ធ្លាក់ចុះ ២០,៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុននេះបាននិយាយថា ការលក់ធ្លាក់ចុះដោយសារកង្វះការផ្គត់ផ្គង់។
ចំណែកឯក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានលក់រថយន្តដាច់ចំនួន ៩៥ ៧៨៣ គ្រឿង នៅក្នុងប្រទេសចិន កាលពីខែមុន ធ្លាក់ចុះ ២០,៨ ភាគរយ។
ដោយឡែក ក្រុមហ៊ុន Toyota Motor ឯណេះវិញ បាននិយាយថា ខ្លួនបានលក់រថយន្តដាច់ចំនួន ១៧០ ២០០ គ្រឿងនៅក្នុងប្រទេសចិន កាលពីខែមុន កើនឡើង ២,៨ ភាគរយ។
សមាគមរោងចក្រផលិតរថយន្តចិន China Association of Automobile Manufacturers (CAAM) បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានរំពឹងថាការលក់រថយន្តនៅក្នុងប្រទេសចិននឹងកើនឡើងដល់ ១,៨២ លានគ្រឿង នៅក្នុងខែកក្កដា ពោលគឺធ្លាក់ចុះ ១៣,៨ ភាគរយបើធៀបនឹងឆ្នាំមុន៕