ក្នុងជំហានដ៏សំខាន់មួយសម្រាប់វិស័យអវកាសអឺរ៉ុប ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសឈានមុខគេចំនួន ៣ របស់សហភាពអឺរ៉ុបគឺ Airbus, Leonardo និង Thales បានយល់ព្រមបញ្ចូលគ្នានូវអាជីវកម្មអវកាសរបស់ពួកគេទៅជាក្រុមហ៊ុនរួមគ្នាតែមួយហើយ ដោយការរួមបញ្ចូលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អឺរ៉ុបក្នុងទីផ្សារអវកាសពិភពលោក។

បើនិយាយពីក្រុមហ៊ុនរួមថ្មីនេះវិញ នឹងមានបុគ្គលិកប្រមាណ 25,000នាក់ឯណ្ណោះ ហើយក៏ត្រូវរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំបានប្រហែល 7.6ពាន់លានដុល្លារផងដែរ។ ក្នុងនោះ ការរួមបញ្ចូលគ្នានេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ 2027 ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរដោយជោគជ័យ។

គួរបញ្ជាក់ថា ជាផ្នែកមួយនៃការរួមបញ្ចូលគ្នានេះ ក្រុមហ៊ុន Airbus Defence and Space ក៏នឹងរួមបញ្ចូលគ្នានូវផ្នែក “Space Systems” និង “Space Digital” របស់ខ្លួនជាមួយនឹងក្រុមហ៊ុន Thales Alenia Space និង Telespazio ដែលជាការរួមគ្នារបស់ Leonardo និង Thales បូកជាមួយនឹងក្រុមហ៊ុន Thales SESO ដែលស្ថិតក្រោមក្រុមហ៊ុន Thales ផងដែរ ខណៈការចែកចាយភាគហ៊ុនវិញ ក្រុមហ៊ុន Airbus នឹងកាន់កាប់ភាគហ៊ុន 35% ខណៈដែលក្រុមហ៊ុន Leonardo និង Thales នឹងកាន់កាប់ភាគហ៊ុនម្នាក់ 32.5% ៕





