Zach Yadegari ដែលជាស្ថាបនិក និងជាអ្នកបង្កើតកម្មវិធីមួយឈ្មោះថា Cal AI។ កម្មវិធីដែលប្រើប្រាស់ AI មកគណនាចំនួនកាឡូរី សារធាតុចិញ្ចឹមនៅក្នុងអាហារដែលយើងបរិភោគ។
បើតាមការសម្ភាសន៍មួយ លោកចាប់ផ្តើមរៀនសរសេរកូដ តាមយូធូបតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ។ ចំណែកនៅអាយុ ១០ឆ្នាំ លោកចាប់ផ្តើមបង្រៀនសរសេរកូដដល់សិស្សដទៃទៀត ដោយរកបាន ៣០ដុល្លារ ក្នុងមួយម៉ោង។ នៅក្នុងវ័យ ១៦ឆ្នាំ Yadegari បានបង្កើតកម្មវិធីមួយឈ្មោះ Totally Science ដែលផ្ទុកនូវហ្គេមជាច្រើនអាចឲ្យសិស្សចូលលេងដោយសេរីបាន។ ជាកម្មវិធីដំបូងដែលអាចឲ្យលោកលក់ចំណូលប្រមាណ $១០០,០០០ នៅក្នុងឆ្នាំនោះ។

នៅឆ្នាំ ២០២៣ ក្នុងវ័យ ១៨ឆ្នាំ លោកក៏បានបង្កើតកម្មវិធីថ្មីមួយគឺ Cal AI ដែលបង្កើតឡើងសម្រាប់អ្នកស្រឡាញ់សុខភាព ដោយគ្រាន់តែថតរូបអាហារ រួច AI នឹងគណនាចំនួន កាឡូរី សារធាតុចិញ្ចឹមនៅក្នុងអាហារនោះភ្លាមៗ។ លើសពីនេះក៏ជាកម្មវិធីសម្រាប់តាមដានសុខភាព ពីការហាត់ប្រាណ ប៉ានស្មានកាឡូរី ដោយសុទ្ធតែប្រើប្រាស់នូវ AI ដូចគ្នា។
កម្មវិធីនេះដាក់ចេញឲ្យប្រើប្រាស់ នៅពេលលោក Zach Yadegari កំពុងសិក្សាថ្នាក់វិទ្យាល័យនៅឡើយទេ ប៉ុន្តែលោកមានសមត្ថភាពអាចបើកក្រុមហ៊ុន ជាមួយនឹងក្រុមការងារ ១៧នាក់។ នៅអំឡុងពេលដែលចេញ Cal AI ដំបូងលោកបានទាក់ទងផ្ទាល់ទៅអ្នកបង្កើតមាតិការល្បីៗ ឲ្យពួកគេប្រើប្រាស់ដើម្បីយកបទពិសោធន៍ផ្ទាល់ខ្លូន រួចថតជាវីដេអូផ្សព្វផ្សាយ ដែលនេះជាវិធីសាស្រ្តមួយដែលអាចឲ្យ Cal AI ឆាប់ត្រូវបានគេស្គាល់និងប្រើប្រាស់ច្រើន។

ត្រឹមរយៈពេល ៨ខែ Cal AI មានអ្នកប្រើប្រាស់ដល់ទៅ ៥លាននាក់ ទាំងក្នុង App Store និង Play Store ធ្វើឲ្យ Yadegari រកបានប្រមាណ ២លានដុល្លារពីកម្មវិធីមួយនេះ។ ចំណែកនៅក្នុងឆ្នាំ ២០២៥ ត្រឹមខែកក្កដា មនុស្សប្រមាណ ៨.៣លាននាក់ កំពុងប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះមានតម្លៃនៅលើទីផ្សារដល់ទៅ ៣០លានដុល្លារ ធ្វើឲ្យ Zach Yadegari ក្លាយជាសហគ្រិនវ័យក្មេង មានកេរ្តិ៍ឈ្មោះមួយរួប។




