ក្រុមហ៊ុន LG Chem គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី ទី២ របស់ខ្លួន ជាមួយដៃគូ គឺក្រុមហ៊ុន General Motors ដើម្បីផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ឲ្យទៅរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន General Motors ដែលនឹងបង្ហាញខ្លួននាពេលអនាគត។
រោងចក្រនេះនឹងត្រូវសាងសង់នៅក្បែររោងចក្រដំឡើងរថយន្ដ Lyriq អមដោយរថយន្ត Cadillac XT5 និង XT6 នៅទីក្រុង Spring Hill រដ្ឋ Tennessee ជាមួយនឹងបន្ទះអាគុយ Ultium ថ្មី។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរមានគម្រោងសាងសង់រោងចក្រផលិតអាគុយមួយរួចទៅហើយ នៅទីក្រុង Lordstown រដ្ឋ Ohio សហរដ្ឋអាមេរិក ប៉ុន្តែរោងចក្រនោះនឹងផលិតអាគុយដែលសន្សំសំចៃជាងមុន។ រោងចក្រនៅ Spring Hill ត្រូវបានគេរំពឹងថា នឹងដំណើរការ បន្ទាប់ពីរថយន្ត Lyriq ចាប់ផ្តើមផលិតកម្ម។
រោងចក្រផលិតអាគុយខាងលើ ត្រូវបានគេនិយាយថា ទទួលបានការវិនិយោគចំនួន ២,៣ ពាន់លានដុល្លារឯណោះ៕