ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ Tesla ប្រហែលជាត្រូវថយចុះពី ៧០% នាពេលបច្ចុប្បន្ន មកនៅត្រឹម ១១% នៅត្រឹមឆ្នាំ២០២៥ ខាងមុខ ខណៈដែលក្រុមហ៊ុននេះរងការប្រកួតប្រជែងពីក្រុមហ៊ុន General Motors និង Ford ផងដែរ។ នេះបើតាមការសិក្សាថ្មីមួយរបស់ Bank of America។
ផ្អែកតាមការស្រាវជ្រាវ បានលើកឡើងថា ក្រុមហ៊ុនធំជាងគេនឹងអាចផ្ដួល Tesla នៅត្រឹមឆ្នាំ២០២៥ នៅពេលដែលក្រុមហ៊ុនរថយន្តទាំងពីរមានចំណែកប្រមាណ ១៥% ក្នុងទីផ្សាររថយន្តអគ្គិសនីនៅទីផ្សារអាមេរិក។ តួលេខនេះគឺជាកំណើនពីចំណែកទីផ្សារប្រមាណ ១០% ដែលក្រុមហ៊ុនទាំងពីរមាននាពេលបច្ចុប្បន្ន ដោយផលិតផលថ្មីៗដូចជា F-150 Lightning និង Silverado EV រំពឹងថាជួយដល់កំណើននេះ។
ការសិក្សាបានចង្អុលបង្ហាញថា Tesla នឹងបាត់បង់តំណែងលេខមួយពីទីផ្សាររថយន្តអគ្គិសនី ព្រោះថាក្រុមហ៊ុនមិនបានបង្កើនជម្រើសរថយន្តដើម្បីបំពេញទៅតាមតម្រូវការទីផ្សារនោះទេ ខណៈដែលក្រុមហ៊ុនថ្មីៗកំពុងបង្កើនចំនួនរថយន្តអគ្គិសនីរបស់ខ្លួន។
Tesla បានពន្យារពេលចេញលក់រថយន្ត Cybertruck ជាច្រើនលើក ហើយផែនការសម្រាប់រថយន្ត Roadster ជំនាន់ថ្មីក៏ត្រូវពន្យារពេលផងដែរ។ ផ្អែកតាមការអាប់ដេតចុងក្រោយពី Tesla រថយន្តទាំងពីរអាចនឹងចូលរោងចក្រផលិតនៅអំឡុងឆ្នាំក្រោយ។
Ford ឯណោះវិញបានប៉ាន់ស្មានថាខ្លួននឹងអាចផលិតរថយន្តអគ្គិសនីបាន ២លានគ្រឿងនៅទូទាំងពិភពលោកត្រឹមឆ្នាំ២០២៦ ខណៈដែល General Motors នឹងមានសមត្ថភាពផលិតលើសពីជាង ២លានគ្រឿង នៅត្រឹមឆ្នាំ២០២៥៕