បន្ទាប់ពីមានការព្រួយបារម្ភអំពីផ្នែកសន្តិសុខជាតិ និងការបោកបញ្ឆោតដោយក្រុមហ៊ុនចិន Huawei និង SMIC ពេលនេះ ក្រសួងពាណិជ្ជកម្មរបស់តៃវ៉ាន់បានសម្រេចចិត្តហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗជាច្រើនរបស់ខ្លួនទៅកាន់ក្រុមហ៊ុនទាំងពីរនេះហើយ។
ក្នុងនោះ ការសម្រេចចិត្តនេះ មិនមែនកើតឡើងដោយសារតែតៃវ៉ាន់នោះទេ ប៉ុន្តែវាជាសម្ពាធ និងការសហការរវាងតៃវ៉ាន់ជាមួយនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ពោលគឺដោយសារតែបន្ទះសៀគ្វីរបស់ក្រុមហ៊ុន TSMC ត្រូវបានផលិតដោយប្រើប្រាស់នូវបច្ចេកវិទ្យារបស់អាមេរិក ដូចនេះក្រុមហ៊ុន TSMC ត្រូវតែស្ថិតនៅក្រោមគ្រប់គ្រងតាមច្បាប់នាំចេញរបស់សហរដ្ឋអាមេរិក។
គួរឲដឹងថា ការសម្រេចចិត្តរួមនេះ កើតឡើងបន្ទាប់ពីមានការលេចធ្លាយថា ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវឈ្មោះក្រុមហ៊ុនផ្សេងដើម្បីទិញបន្ទះឈីប Ascend 910B AI accelerator ពី TSMC ដោយលាក់ឈ្មោះពិត ហើយការបោកបញ្ឆោតនេះបានបណ្តាលឲ្យរដ្ឋាភិបាលអាមេរិកគំរាមផាកពិន័យលើក្រុមហ៊ុន TSMC ដល់ទៅ ១ពាន់លានដុល្លារ ឯណ្ណោះ ដូចនេះ ដើម្បីការពារខ្លួន និងគាំទ្រតាមច្បាប់អន្តរជាតិ តៃវ៉ាន់ បានដាក់ចេញនូវច្បាប់ថ្មីមួយរបស់ខ្លួនដោយកំណត់ឲ្យមាននូវការហាមឃាត់ក្នុងការនាំចេញបន្ទះឈីបទៅកាន់ក្រុមហ៊ុន Huawei និង SMIC របស់ប្រទេសចិន។
មួយវិញទៀត បញ្ហានេះក៏អាចនឹងកើតឡើងដោយសារតែស្ថានភាពនយោបាយ និងសង្គ្រាមបច្ចេកវិទ្យាផងដែរ ពោលប្រសិនបើតៃវ៉ាន់ និងសហរដ្ឋអាមេរិក បើកដៃដល់ក្រុមហ៊ុន Huawei និង SMIC ឲមានអនាគតអាចធ្វើឲ្យបច្ចេកវិទ្យាទំនើបៗបានដោយខ្លួនឯងនោះ ចិនអាចនឹងនៅខ្ពស់ជាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកសម្រាប់ផ្នែកបច្ចេកវិទ្យា។ ដូចនេះ ការសម្រេចរបស់តៃវ៉ាន់ គឺមិនត្រឹមតែការពារជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជាការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឥទ្ធិពលមិនអាចបំពានលើច្បាប់ និងសុវត្ថិភាពអន្តរជាតិបាននោះទេ៕