ដើម្បីប្រកួតប្រជែងគ្នាជាមួយតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក្នុងផ្នែកបច្ចេកវិទ្យាដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន បានឈានទៅរកការផ្លាស់ប្តូរដ៏ធំមួយក្នុងការផលិតបន្ទះឈីបរបស់ខ្លួន ដោយក្នុងនោះ ពួកបានបង្កើតបន្ទះឈីបថ្មីមួយរបស់ខ្លួនដោយមិនពឹងផ្អែកលើប្រព័ន្ធរបាប់គោលពីរដែលតែងតែប្រើលេខ ០ និង ១ ទូទៅទៀតនោះទេ ប៉ុន្តែប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា Hybrid Stochastic Number (HSN) ។
ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដឹកនាំ និងអភិវឌ្ឍបង្កើតឡើងដោយសាស្រ្តាចារ្យ Li Hongge នៅក្នុងសាកលវិទ្យាល័យ Beihang ក្នុងទីក្រុងប៉េកាំង ដោយធ្វើការលាយបញ្ចូលគ្នារវាងលេខគោលពីរធម្មតា និងលេខផ្អែកលើប្រព័ន្ធប្រូបាប៊ីលីតេ ពោលគឺវិធីសាស្ត្រនេះនឹងជួយឲ្យបន្ទះឈីបមានប្រសិទ្ធភាពខ្ពស់ជាងមុននៅពេលប្រើថាមពលតិច ហើយក៏អាចដំណើរការបានល្អជាមួយប្រព័ន្ធចាស់ៗបានផងដែរ ហើយវាត្រូវបានរំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មបច្ចេកវិទ្យាទាំងមូល។
ក្រៅពីនេះ បន្ទះឈីបថ្មីនេះ ក៏នឹងរួមបញ្ចូលនូវបច្ចេកវិទ្យា System on Chip – SoC ដែលគេតែងតែប្រើប្រាស់ជាទូទៅនៅក្នុង បន្ទះឈីបផងដែរ ហើយនឹងដាក់ឲ្យប្រើប្រាស់ជាក់ស្តែងនៅរថយន្ត ដ្រូន មនុស្សយន្ត និងឧបករណ៏ផ្សេងៗទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ៕