លោក George Quek ត្រូវបានស្គាល់ជាអ្នកបង្កើតហាងនំប័ុង BreadTalk ដែលជាហាងដ៏ពេញនិយម និងល្បីឈ្មោះមួយបង្កើតឡើងនៅក្នុងឆ្នាំ ២០០០។
មុនដំបូង លោក George មិនមានទំនោរលើការធ្វើជំនួញនោះទេ គឺលោកមានគោលបំណងចង់ក្លាយជាវិចិត្រករមួយរូប ដោយធ្លាប់ឈ្នះពានរង្វាន់ជាច្រើនពីការប្រកួតផ្សេងៗ។ គ្រួសារលោកក៏មិនមែនជាអ្នកធូរធារ ប៉ុន្តែដើម្បីបន្តក្តីស្រមៃ ឪពុកលោកបានឲ្យប្រាក់សន្សំទាំងអស់ប្រមាណ ១៥០០ដុល្លារ ដើម្បីឲ្យ George បានបន្តការសិក្សានៅទីក្រុង Taipei។

នៅឆ្នាំនោះ George Quek បានឈប់រៀន ហើយបានយកប្រាក់ទាំងនោះមកបើកហាងស្ករគ្រាប់មួយនៅ Taipei ដែលអាចរកចំណូលបានយ៉ាងក្រាស់ក្រែល។ ដើម្បីរកចំណូលបន្ថែម លោកបានបើកហាងអាហារឈ្មោះថា Singa នៅផ្សារទំនើបមួយនៅ Taipei ប៉ុន្តែដំណើរការមិនបានល្អ ក៏បង្ខំចិត្តបិទហាង។ បីខែក្រោយមក លោកក៏បានបើកហាងនេះម្តងទៀត លើកនេះមិនត្រឹមតែជោគជ័យនោះទេ ថែមទាំងពង្រីកបានដល់ទៅ ២១កន្លែង បន្ថែមទៀត។ ភោជនីយដ្ឋាននេះ ត្រូវបានលក់នៅឆ្នាំ ១៩៩២ ដោយលោកត្រូវត្រឡប់មកប្រទេសសិង្ហបុរីវិញ។

នៅពេលត្រឡប់មកវិញលោក George Quek បានចាប់អារម្មណ៍ទៅលើទីផ្សារនំប៉័ង។ លោកបានមើលឃើញថា ហាងនំប៉័ងភាគច្រើននៅសិង្ហបុរីផ្តោត តែលើគុណភាពនំប៉័ងប៉ុណ្ណោះ រីឯការរៀបចំ និងការដេគ័រហាងវិញគឺមិនសូវទាក់ទាញដូចហាងនំប៉័ងនៅតៃវ៉ាន់ និងជប៉ុនឡើយ។ ទើបលោកបង្កើត ហាង BreadTalk ដែលមានការដេគ័រ និងការរចនាបែប Open-Concept Kitchen ដែលយើងមើលពីការធ្វើនំប័ុងផ្ទាល់ៗបាន។

BreadTalk ក្លាយជាហាងនំប័ុងមួយដែលអាចថាល្បីជាងគេនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំនោះ។ ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ ហាងនំប័ុងនេះ ពង្រីកបានដល់ទៅ ១០០កន្លែង នៅតាមបណ្តាប្រទេសនានា។ ដោយបច្ចុប្បន្ននេះ George Quek បានបង្កើតអាជីវកម្មថ្មី ៩ប្រភេទទៀត ក្លាយជាសហគ្រិនឆ្នើមមួយរូប។ ទោះបីជាមានអាជីវកម្មច្រើនក្នុងដៃ ប៉ុន្តែលោកនៅតែបន្តក្តីស្រមៃ ការគូរគំនូររបស់លោកទៅលើការរចនាហាង និងអាជីវកម្មលោកផ្ទាល់។




