ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានអោយដឹងថា រដ្ឋាភិបាលរបស់ពួកគេបានយល់ព្រមលើការវិនិយោគចំនួន 90.9 ពាន់លានបាត (ប្រមាណ 2.7 ពាន់លានដុល្លារ) សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម Cloud Computing ជាផ្លូវការហើយ ពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន។
ចំពោះការវិនិយោគថ្មីនេះ រួមមានគម្រោងរបស់ក្រុមហ៊ុន Beijing Haoyang Cloud & Data Technology របស់ប្រទេសចិន ដែលមានតម្លៃ 72.7 ពាន់លានបាត សម្រាប់មជ្ឈមណ្ឌលទិន្នន័យទំហំ 300 មេហ្គាវ៉ាត់ និង 13.5 ពាន់លានបាត របស់ក្រុមហ៊ុនថៃ GSA Data Center 02 សម្រាប់មជ្ឈមណ្ឌលទិន្នន័យទំហំ 35 មេហ្គាវ៉ាត់។
គួរឲដឹងថា កាលពីខែមករា ក្រុមហ៊ុន Bytedance ដែលជាក្រុមហ៊ុនធំរបស់ TikTok ក៏បានប្រកាសផែនការវិនិយោគ 126.8 ពាន់លានបាត នៅក្នុងប្រទេសថៃផងដែរ សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ។ ចំណែកក្រុមហ៊ុនអន្តរជាតិផ្សេងៗទៀតដូចជា Google, Amazon Web Services (AWS) និង Microsoft ក៏បានសម្រេចចិត្តវិនិយោគក្នុងប្រទេសនេះផងដែរ។
ខណៈការវិនិយោគទាំងនេះ បានបង្ហាញពីការរីកដុះដាលរបស់បច្ចេកវិទ្យា AI និង Cloud Computing ដោយបានជំរុញឱ្យមានការវិនិយោគយ៉ាងខ្លាំងទៅលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃតែម្តង៕