បើនិយាយពីគម្រោងសាងសង់នាវាចម្បាំងនៅលើផ្ទៃទឹកធំជាងគេបំផុតនៅលើពិភពលោករបស់សហរដ្ឋអាមេរិកដែលហៅថា Trump-class battleships នេះ គឺត្រូវបានប្រកាសចេញជាផ្លូវការដោយលោកប្រធានាធិបតី Donald Trump ហើយវាគឺជានាវាចម្បាំងដែលមានអានុភាពខ្លាំងជាងគេបំផុតនៅលើពិភពលោក។

សម្រាប់ការរចនា និងសមត្ថភាពរបស់នាវា USS Defiant នេះវិញ គឺមានទម្ងន់ប្រហែល ៣០,០០០ ទៅ ៤០,០០០តោនឯណ្ណោះ ពោលគឺជានាវាចម្បាំងលើផ្ទៃទឹកដែលមានទំហំធំបំផុតដែលសហរដ្ឋអាមេរិកបានសាងសង់នៅក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។

បើនិយាយពីអនុភាពរបស់វាវិញ គឺនាវាចម្បាំងធំបំផុត សាហាវបំផុត បត់បែនបំផុត និងមានរូបរាងស្រស់ស្អាតបំផុតនៅលើមហាសមុទ្រ។ វាមានអានុភាពខ្លាំងជាងនាវាចម្បាំងចាស់ៗរហូតដល់ ១០០ដងឯណ្ណោះ ហើយវានឹងត្រូវផលិតក្នុងចំនួនកំណត់ត្រឹមតែ ២០ ទៅ ២៥គ្រឿងប៉ុណ្ណោះ។ ក្នុងនោះ វាត្រូវបានរំពឹងថានឹងមានតម្លៃប្រហែល ១០ ទៅ ១៥ពាន់លានដុល្លារឯណ្ណោះ នៅក្នុងមួយគ្រឿង។

ក្រៅពីភាពអស្ចារ្យទាំងនេះ វាក៏អាចផ្ទុក និងដំណើរការនូវអាវុធទំនើបៗជាច្រើនដូចជា មីស៊ីលផ្លោង មីស៊ីលចម្ងាយឆ្ងាយ មីសុីលលឿនជាងសម្លេង ប្រព័ន្ធការពារដែនអាកាស កាំភ្លើង 30mm ប្រព័ន្ធឡាស៊ែរ ODIN អាវុធនុយក្លេអ៊ែរ ប្រព័ន្ធរ៉ាដា ប្រព័ន្ធ AI ឧបករណ៍ចាប់សញ្ញា និងឧបករណ៍ប្រយុទ្ធទំនើបៗជាច្រើនផ្សេងទៀតផងដែរ។

ជាក់ស្តែង បើយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក នាវាចម្បាំងទាំងនេះ នឹងចាប់ផ្តើមការសាងសង់នៅដើមទសវត្សរ៍ឆ្នាំ 2030 ហើយវានឹងជាផ្នែកដ៏សំខាន់មួយនៃកងទ័ពជើងទឹកអាមេរិកដែលគ្រប់ប្រទេសមានការក្លាចរអាល៕




