រថយន្តអគ្គិសនី មើលទៅហាក់ដូចជាអនាគតនៃការប្រើប្រាស់របស់មនុស្សសម័យទំនើប។ ហើយបេះដូងរបស់រថយន្តអគ្គិសនី គឺអាគុយរបស់វាហ្នឹងឯង តើវាប្រើបច្ចេកវិទ្យាអ្វីខ្លះ មានអ្វីខ្លះដែលអាចរុញឡានរាប់រយគីឡូក្រាម អាចបើកបរបានបានរាប់រយគីឡូម៉ែត្រ?
រថយន្តអគ្គិសនីថ្មីភាគច្រើនសព្វថ្ងៃនេះ ប្រើប្រាស់បច្ចេកវិទ្យាថ្មដែលមានលក្ខណៈដូចគ្នា គឺបញ្ចូលថ្ម (Cell) ជាច្រើនចូលទៅកាន់មួយប្លុកៗ (Module) និងការផ្គុំជាច្រើនប្លុក បង្កើតបានជា កញ្ចប់អាគុយដ៏ធំ (Pack) ដែលពាសនៅបាតឡាន គឺប្រមាណជាពីរទៅបីម៉ែត្រ និងមានទម្ងន់រាប់រយគីឡូក្រាម។
ហេតុអ្វីក៏ចងថ្មតូចៗចូលគ្នាបែបនេះ? លោក Peter Rawlinson អតីតនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងបច្ចុប្បន្នជានាយកប្រតិបត្តិ Lucid បាពន្យល់ថា “វាមានសារៈសំខាន់ណាស់ក្នុងការបែងចែក ថ្មតូចដែលបញ្ចូលគ្នាបានជាប្រអប់ដ៏ធំ គឺវាអាចរក្សាសីតុណ្ហភាពបានល្អ”។
សព្វថ្ងៃអាគុយរថយន្តអគ្គិសនី មានពីរប្រភេទសំខាន់ៗ៖
ទី១៖ អាគុយប្រភេទ Lithium-ion ប្រើប្រាស់ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីភាគច្រើន ដូចជា Tesla, Jaguar…
ទី២៖ អាគុយប្រភេទ នីកែល-ហាយដ្រាត គេឃើញមានប្រើលើឡាន Hybrids ដូចជាឡានរបស់ Toyota។
គីមីវិទ្យាក្នុងអាគុយឡាន គឺមិនខុសគ្នាប៉ុន្មាន នឹងថ្មក្នុងទូរសព្ទរបស់អ្នកទេ។ ស្មាតហ្វូនទំនើបភាគច្រើនប្រើថ្ម លីចូម គឺដើម្បីការសាកថ្មបានលឿន ដែលគេឃើញលើស្មាតហ្វូន iPhone ឬ Galaxy ជាដើម។
ដូចនេះអាគុយឡានវិញ គឺគេត្រូវការសារធាតុដូចគ្នាដើម្បីអាចផ្ទុកថាមពលបានច្រើន ហើយក៏ត្រូវការបញ្ចូលថាមពលឡើងវិញបានយ៉ាងឆាប់រហ័សដូចទូរសព្ទ និងរក្សាដង់ស៊ីតេថាមពលរបស់ពួកគេ លើវដ្តជីវិតរបស់អាគុយនៃការសាកថ្មបានច្រើនដងមិនខូច។
ជាទូទៅឡានទម្ងន់ប្រមាណ ២តោនឡើងទៅ តម្រូវការអាគុយទំហំធំគួរសម សព្វថ្ងៃនេះឡានអគ្គិសនីមានអាគុយតូចបំផុតគឺខ្ទង់ 30 kWh ចំណែកឯអាគុយធំរហូតដល់ 100kWh។ kWh មានន័យថា គីឡូវ៉ាត់ម៉ោង បង្ហាញពីការផ្ទុកថាមពលរបស់ថ្ម ក្នុងរយៈពេលជាក់លាក់ណាមួយ។
ជាក់ស្ដែងអាគុយ 100kWh នៅក្នុង Tesla Model S អាចផ្តល់ថាមពលអតិបរមា 100គីឡូវ៉ាត់ ក្នុងរយៈពេលមួយម៉ោងជាប់គ្នា ដែលថាមពលប៉ុននេះ អាចប្រើបានច្រើនម៉ោង ទម្រាំសាកម្ដងទៀត។ ចំពោះអាគុយរបស់ Honda មានថាមពលតូច ប្រមាណ 35kWh អាចបើកបរបានប្រមាណ ២១០គីឡូម៉ែត្រ រីឯថ្មធំ គេឃើញមានលើឡាន Jaguar i-Pace ជាដើម មានអាគុយ 85kWh អាចបើកបរបានប្រមាណ ៤៧០គីឡូម៉ែត្រ។
រឿងដ៏សំខាន់មួយទៀតពីអាគុយឡានអគ្គិសនី ថាតើវាមានអាយុកាលយូរប៉ុណ្ណា? គេអាចឆ្លើយបានថា អាគុយរថយន្តមិនងាយខូច ដូចនឹងទូរសព្ទពេលចាស់ទៅនោះទេ។ ជាទូទៅអាគុយឡានអគ្គិសនី មានអាយុកាលដែលរំពឹងទុក គឺយ៉ាងហោចណាស់ប្រមាណ ១០ឆ្នាំ ជាក់ស្ដែងគេសង្កេតឃើញថ្មជាច្រើន (cell) នៅល្អ ក្នុងចំណោមថ្មជាច្រើន ក្នុងកញ្ចប់អាគុយមានថ្មរាប់សិប ដែលវាបានបើកបររាប់ឆ្នាំមកហើយ។ ដូចនេះអាចថា អាគុយឡានអាចខូចក្រោយផ្នែកផ្សេងៗ ព្រោះ ១០ឆ្នាំ អាចថាឡានខូចគ្រឿងផ្សេង មុខខូចដល់អាគុយ។
ដើម្បីកាន់តែទុកចិត្តទៅលើអាគុយរបស់ ឡាន EV យើងអាចសង្កេតលើការធានារបស់ក្រុមហ៊ុនខ្លះ ដែលមានធានារយៈពេលយូរ គឺធានានូវសមត្ថភាពដើមប្រហែល 70% ទោះបីប្រើបានប្រាំពីរឬប្រាំបីឆ្នាំក៏ដោយ។ ឧទារហណ៍៖
– BMW i3 ប្រើ ៨ឆ្នាំ 160 934 km
– Hyundai Kona Electric ៨ឆ្នាំ 160 934 km
– Kia e-Niro ៧ឆ្នាំ 160 934 km
– Jaguar i-Pace ៨ឆ្នាំ 160 934 km
– Nissan Leaf ក្រោម ៨ឆ្នាំ 160 934 km៕
ទាកទងឡាន EV គេតែមានចម្ងល់ថា ថ្មភ្ជាប់គ្នាច្រើនយ៉ាងនេះកម្លាំងអគ្គិសនីក៏ខ្ពស់ តើគ្រោះថ្នាក់ឬអត់?
ស្រាយចម្ងល់នេះគឺ អាគុយរថយន្តអគ្គិសនីត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ ហើយអ្នកផលិតបានដាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ដើម្បីប្រាកដថាវាមានសុវត្ថិភាព និងការទុកដាក់របស់វា នៅចំណុចទាបនៃកណ្តាលរថយន្ត ដើម្បីការពារកុំឱ្យវាខូចនៅក្នុងគ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យឆេះបាន។
ហើយបើធៀបទៅនឹង ប្រេងសាំងដែលងាយឆាបឆេះ នោះអគ្គុយឡាន EV គឺមិនមានអ្វីគួរព្រួយបារម្ភឡើយ។
យ៉ាងណាក៏ដោយ ថ្មដ៏ច្រើនក្នុងប្រអប់ដ៏ធំសម្រាប់ឡាន EV វាប្រើប្រាស់ដោយលោហធាតុដែលមានតម្លៃថ្លៃ និងកម្រជាច្រើននៅក្នុងពួកវា ដែលធ្វើឱ្យឡានអគ្គិសនីមានតម្លៃថ្លៃគួរសម។ ដោយឡែក ដោយសារទីផ្សារបច្ចុប្បន្ន មានការប្រកួតប្រជែងខ្លាំង ដូចនេះតម្លៃអាចកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ៕