Warren Buffett គឺជាអ្នកជំនួញជោគជ័យបំផុតក្នុងវិស័យវិនិយោគជាសកល។ ដោយលោកមិនត្រឹមតែត្រូវបានគេស្គាល់ដោយសារទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រោះតែយុទ្ធសាស្រ្ត និងភាពវៃឆ្លាតក្នុងការវិនិយោគផងដែរ។

បច្ចុប្បន្ននេះលោកជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Berkshire Hathaway ដែលមាន ៦០ ក្រុមហ៊ុនទៀតជាបុត្រសម្ព័ន្ធ។ ខាងក្រោមនេះជាចំណុចទាំង ១០ គួរតែដឹងពីមហាសេដ្ឋីរូបនេះ
១) លោក Warren Buffett កើតក្នុងឆ្នាំ ១៩៣០ នៅទីក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក។ បច្ចុប្បន្នមានអាយុ ៩៥ឆ្នាំ ក៏ពិតមែនប៉ុន្តែលោកនៅតែទៅក្រុមហ៊ុនជាធម្មតា។
២) លោក Warren Buffett ពោរពេញទៅដោយគំនិតរកសុីតាំងពីក្មេង។ លោកធ្លាប់ដើរលក់ស្ករគ្រាប់ ទស្សនាវដ្តី កាសែតពីផ្ទះមួយទៅមួយ។ អាយុ ១១ឆ្នាំ ធ្លាប់ទិញហ៊ុនពីក្រុមហ៊ុន Cities Service Preferred។ ចំណែក ១៤ឆ្នាំ ប្រមូលលុយសន្សំ ១២០០ដុល្លារ ទិញដី ៤០ហិចតា សម្រាប់ជួលរកប្រាក់បន្ថែម។
៣) លោកបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពី Columbia Business School នៅឆ្នាំ ១៩៥១ និងបន្តការងារនៅក្រុមហ៊ុន Benjamin Graham ដែលមានតួនាទីជាអ្នកប្រឹក្សា។
៤) លោកបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅឆ្នាំ ១៩៥៦ មានឈ្មោះថា Buffett Partnership Ltd. ដែលជាក្រុមហ៊ុនប្រឹក្សាលើការវិនិយោគ បណ្តាក់ទុនជាដើម។
៥) នៅឆ្នាំ ១៩៦៥ លោក Warren Buffett ទទួលបានសិទ្ធគ្រប់គ្រងពេញលេញ ក្រុមហ៊ុន Berkshire Hathaway ដោយប្តូរពីក្រុមហ៊ុនវាយនភ័ណ្ឌ ទៅជាក្រុមហ៊ុនផ្សារហ៊ុន និងការវិនិយោគ។
៦) លោកជាបុគ្គលមានទស្សនវែងឆ្ងាយ និងមានភាពអត់ធ្មត់ លោក Warren Buffett បានលើកឡើង អ្នកវិនិយោគត្រូវគិតគូរផ្លូវវែងឆ្ងាយ មានផែនការច្បាស់លាស់ ក្រៅពីសមត្ថភាព និងសេចក្តីព្យាយាម ការធ្វើអ្វីមួយអាស្រ័យលើពេលវេលាសមស្រប តម្រូវឲ្យមានការអត់ធ្មត់។
៧) លោកត្រូវបានចាត់ទុកជាជនល្បីល្បាញផ្នែកសប្បុរធម៌ម្នាក់ ដោយក្នុងមួយឆ្នាំៗលោកបានបរិច្ចាគទៅមូលនិធិ Bill & Melinda Gates Foundation តាំងពីឆ្នាំ ២០០៦ សរុបទាំងអស់ពីការបរិច្ចាគប្រហែល ៣៦ពាន់លានដុល្លារ។
៨) លោក Warren Buffett ជាសេដ្ឋីទី៩ ប្រចាំពិភពលោកដែលមានទ្រព្យសម្បត្តិ ១៥១.៩ពាន់លានដុល្លារ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Forbes។ បញ្ជាក់ផងថា ចំណាត់ថ្នាក់នឹងមានការផ្លាស់ប្តូរទៅតាមពេលវេលា និងតម្លៃភាគហ៊ុនក្នុងទីផ្សារ។
៩) លោកជាមនុស្សសន្សំសំចៃ និងតែងតែចែករំលែកជារឿយៗពីការសន្សំប្រាក់ ដែលអាចផ្តល់ផ្លែផ្កាទៅថ្ងៃអនាគត សម្រាប់ប្រើទុកដោះស្រាយបញ្ហាកើតឡើង ឬប្រើប្រាស់ដើម្បីវិនិយោគ។
១០) លោក Warren Buffett ជាមនុស្សដែលដើរតាមក្តីស្រមៃ និងរាប់អានជាមួយបុគ្គលល្អៗ។ លោកតែងតែផ្តល់ពេលវេលាសម្រាប់ខ្លួនឯង និងនៅក្បែរមនុស្សល្អៗ ដែលជួយអភិវឌ្ឍន៍ខ្លួនឲ្យមានភាពរីកចម្រើន។




