Walmart គឺជាផ្សារលក់ទំនិញដ៏ធំមួយប្រចាំសហរដ្ឋអាមេរិក ដែលមានចំនួន ៤,៦០០ ទៅ ៥,២០០ កន្លែងនៅក្នុងប្រទេស។
ផ្សារទំនិញវ័យចំណាស់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦២ ដោយលោក Sam Walton ដែលជាអ្នកជំនួញមួយរូប។ មុននឹងចាប់ផ្តើម Walmart លោកក៏ធ្លាប់បើកហាងទំនិញតូចមួយផងដែរ។ ស្របពេលដែលហាងទំនិញដទៃសម្រុកទៅបើកនៅទីក្រុងធំៗ លោក Walton បែរជាផ្តោតទៅតាមតំបន់ជាយក្រុង និងទីប្រជុំជនតូចវិញ ក៏ព្រោះតែកង្វះខាតហាងទំនិញនៅទីនោះ។ ដោយមានគោលបំណងមួយគឺ ការលក់នូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ក្នុងតម្លៃទាបបំផុត ដើម្បីជួយ សម្រួលដល់ជីវភាពប្រជាជន។

យុទ្ធសាស្រ្តលក់ទំនិញក្នុងតម្លៃទាបនេះ ធ្វើឲ្យក្រុមហ៊ុនជាច្រើនមិនទុកចិត្តលើផែនការរបស់លោក។ ជាមួយនឹងការព្យាយាម ជាលទ្ធផលត្រឹមឆ្នាំ ១៩៧៥ លោកបានពង្រីក Walmart ដល់ទៅ ១២៥កន្លែង។ ចំណែកនៅឆ្នាំ ១៩៨០ ក្រុមហ៊ុនអាចរកចំណូលបានដល់ទៅ ១ពាន់លានដុល្លារ ជាលើកដំបូង ដែលធ្វើឲ្យពិភពលោកចាប់ផ្តើមស្គាល់ឈ្មោះ Walmart យ៉ាងច្បាស់។

បន្ទាប់ពី Walmart ទទួលបានជោគជ័យហើយ លោកបានបង្កើតឃ្លាំងទំនិញ ឈ្មោះថា Sam’s Club ដែលជាឃ្លាំងបោះដុំ និងផ្សារទំនើប Walmart Supercenter រួមទាំងអាជីវកម្មជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បី Walmart ក៏ចាប់យកឱកាសក្នុងការឈានចូលទីផ្សារក្រៅប្រទេស មាននៅប្រទេសមុិចសុីកូ កាណាដា ចិន និងប្រទេសផ្សេងៗទៀត។

ដោយឡែកអ្វីដែលធ្វើឲ្យ Walmart ឈរជើងបានរឹងមាំ មិនមែនមានតែរឿងតម្លៃទំនិញមួយមុខនោះទេ តែក្នុងនោះក៏មានសេវាកម្មផងដែរ។ លោក Walton បានដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យផ្តល់នូវសេវាកម្មល្អបំផុតមួយដល់អតិថិជន។ លោកផ្តល់សេរីភាពដល់បុគ្គលិកក្នុងការផ្តល់សេវាកម្មដល់អតិថិជន។ ជាក់ស្តែង បុគ្គលិកមានភាពរួសរាយ រាក់ទាក់ និងត្រៀមខ្លួនជួយអតិថិជនជានិច្ច ជាពិសេសគឺផ្តល់ជូនអតិថិជននូវការសា្វគមន៍យ៉ាងកក់ក្តៅរាល់ពេលចូលមកដល់ក្នុងផ្សារ។

បច្ចុប្បន្ននេះ Walmart ត្រូវបានដំណើរការរាប់ពាន់កន្លែងនៅក្នុងសហរដ្ឋអាមេរិក និង ១០,៥០០ កន្លែងដំណើរការក្នុង ១៩ប្រទេស។ នេះបញ្ជាក់ថា អាជីវកម្មភាគច្រើនគឺកើតពីបញ្ហា និងភាពខ្វះខាត ហើយដំណោះស្រាយដែល Walmart បានផ្តល់ជូនគឺជាតម្រូវការសំខាន់មួយដល់អតិថិជន ជាមួយនឹងសេវាកម្មល្អទៀតនោះ ទើបបង្កើតបានជា Walmart សព្វថ្ងៃនេះឡើងបាន។




