Charles & Keith ដែលជាម៉ាកយីហោស្បែកជើង កាបូប ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសជនជាតិសិង្ហបុរីពីររូបគឺ Charles និង Keith Wong នៅក្នុងឆ្នាំ ១៩៩៦។

ពីក្រោយការបង្កើតម៉ាកយីហោនេះ បងប្អូនទាំងពីរនាក់នេះ ធ្លាប់បានជួយលក់ស្បែកជើងម្តាយនៅផ្សារ Ang Mo Kio។ ជួយលក់បណ្តើរ អ្នកទាំងពីរសង្កេតឃើញ ពីតម្រូវការកាន់តែច្រើនពីភាពទាន់សម័យរបស់អតិថិជន។ នៅក្នុងឆ្នាំ ១៩៩៦ Charles និង Keith ក៏បានបបួលគ្នាបង្កើតហាងស្បែកជើងមួយនៅផ្សារ Amara Shopping Centre ដោយបានទាក់ទងផ្សារបោះដុំចិន និងម៉ាឡេសុីមកលក់បន្ត។

មួយខែក្រោយ អ្នកទាំងពីរក៏បបួលគ្នាផលិត និងចេញម៉ូតស្បែកជើងក្រោយម៉ាកយីហោ Charles & Keith។ Keith ជាអ្នកឌីហ្សាញ ចេញម៉ូត ចំណែក Charles ជាអ្នកគ្រប់គ្រងផ្នែកលក់។ អ្នកទាំងពីរទាំង Charles និង Keith គឺមានគោលបំណងមួយ ធ្វើយ៉ាងណាអាចនាំយកម៉ាកយីហោពួកគេទៅក្រៅប្រទេសបាន។ នៅក្នុងឆ្នាំ ២០០១ យីហោនេះបាននាំចេញទៅប្រទេសឥណ្ឌូនេសុី និងហ្វីលីពីន ចំណែកនៅឆ្នាំ ២០០៤ ក៏បន្តទៅអារ៉ាប់ប៊ីសាអូឌីត។ រយៈពេលប៉ុន្មានឆ្នាំមកនេះ Charles & Keith អាចរកចំណូលសរុបប្រមាណ ៩៧លានដុល្លារ។

ក្រុមហ៊ុននេះតូចតែខ្លឹម ដោយត្រូវបានក្រុមហ៊ុនធំជាច្រើនសម្លឹងមើលឃើញពីសក្តានុពលរបស់ប្រេនមួយនេះ។ ជាក់ស្តែង នៅឆ្នាំ ២០១១ Charles & Keith ត្រូវបាន LVMH ដែលគ្រប់គ្រងប្រេនធំៗ បានទិញយកភាគហ៊ុន ២០% មានតម្លៃស្មើ៣០លានដុល្លារ។
ក្រៅពីនេះ Charles បានទៅរស់នៅទីក្រុង សៀងហៃមួយរយៈដើម្បីយល់ដឹងពីទីផ្សារនៅទីនោះបន្ថែម។ ជាលទ្ធផល Charles & Keith អាចបង្កើតបានហាងដល់ទៅ ២៥០កន្លែងនៅតាមទីក្រុងធំៗរបស់ចិន។ តាមការសហការជាមួយ LVMH ក៏បានជ្រុមជ្រែងបន្ថែមក្នុងការនាំចេញទៅសហរដ្ឋអាមេរិក ជាមួយប្រទេសផ្សេងៗទៀតក្លាយជាម៉ាកយីហោស្តង់ដារលំដាប់អន្តរជាតិជាមួយនឹងហាងជាង ៧០០កន្លែង កំពុងដំណើរការក្នុង ៣០ ប្រទេស។

សព្វថ្ងៃនេះ Charles & Keith ត្រូវបានស្គាល់ជាហាងស្បែកជើង កាបូបដែលមានម៉ូតទាន់សម័យ តែងតែទាន់ជាមួយនឹង trend ដែលគេកំពុងល្បី ស្របតាមតម្រូវការអតិថិជនផ្តល់ជូនក្នុងតម្លៃសមរម្យ ប៉ុន្តែទទួលបាននូវទំនិញមានគុណភាពប្រណិតដែលទាំងនេះគឺជាស្នូលរបស់ Charles & Keith ក៏ដូចជាអ្វីដែលអតិថិជនចង់បានដូចគ្នា។




