CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងចក្ខុវិស័យ និងបេសកម្មក្នុងការជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទូលំទូលាយជាងមុន។

ផលិតផលជាច្រើនពាន់មុខ នៅក្នុងគេហទំព័រ CambodiaTrade.com សុទ្ធសឹងតែផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ។ នេះជាបេសកម្មដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងសម័យឌីជីថល ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរ ឲ្យបានច្រើនដល់អតិថិជនទាំងក្នុង និងក្រៅស្រុក។

មួយវិញទៀត តាមរយៈផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនេះ ក៏ជាចំណែកមួយជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការលក់ផលិតផល ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម Go4eCAM។ គួរបញ្ជាក់ផងដែរថា គ្រប់ផលិតផលដែលមាននៅក្នុងផ្សារ CambodiaTrade គឺមានតែផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

បច្ចុប្បន្ន ផលិតផលខ្មែរជាច្រើនប្រភេទបានដាក់លក់លើផ្សារអេឡិចត្រូនិកនេះ ដែលបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេសក្នុងការស្វែងរកទំនិញខ្មែរដែលខ្លួនត្រូវការ។




