Disney Studio ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩២៣ ដោយលោក Walt Disney ដែលមានការជ្រោមជ្រែងពីបងប្រុសលោក Roy Disney និង Ub Iwerks ដែលជាមិត្ត។

លោកបង្កើត ស្ទូឌីយោនេះឡើងក៏ព្រោះតែ ក្រុមហ៊ុន Kansas City Film Ad បានច្រានចោលនូវគំនិតយោបល់លោកជាច្រើនដង ទើបបណ្តាលឲ្យមកសាកល្បង បើកស្ទូឌីយោផ្ទាល់ខ្លួនជាមួយមិត្តរួមការងារម្នាក់។ ស្នាដៃដំបូងរបស់លោកគឺការផលិតតុក្កតាខ្លីមួយឈ្មោះថា Laugh-O-Grams តែហាក់ដូចជាមិនទទួលបានលទ្ធផលល្អនោះទេ។

ស្នាដៃបន្ទាប់គឺការ ផលិតខ្សែភាពយន្តគំនូរជីវចល Alice’s Wonderland ប៉ុន្តែរឿងមួយនេះ មិនបានផលិតចប់នោះទេ ដោយនៅឆ្នាំ ១៩២៣ ព្រោះតែស្ទូឌីយោត្រូវបានបិទ។ លោក Disney បានបន្តដំណើរថ្មីទៅ Hollywood រដ្ឋ Los Angeles ក្នុងការស្វែងរកអ្នកវិនិយោគដើម្បីផលិតរឿង Alice’s Wonderland បន្ត និងទទួលបានសំណើរក្នុងការផលិតរឿង ៦ ទៀត។

Walt Disney Studios ត្រូវបានចាប់ផ្តើមសារជាថ្មី ជាមួយនឹងខ្សែភាពយន្ត Alice’s Wonderland ដែលទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ ខណៈពេលនោះ លោកជួបរឿងខកចិត្ត និងបាត់បង់ជាច្រើនដង។ ការបាត់បង់ទាំងនេះ បានជំរុញឲ្យលោក Walt Disney បង្កើតនូវរឿង Mickey Mouse ឡើងជាមួយនឹងការផលិតដល់ទៅ ៣ដង ទើបទទួលបានជោគជ័យ និងឈ្នះពានរង្វាន់ Academy Award សម្រាប់គំនូរជីវចលល្អបំផុត ជាច្រើនឆ្នាំជាប់គ្នា។

នៅឆ្នាំ ១៩៣៤ រឿង Snow White ឬ ព្រះនាងព្រិលស ចាប់ផ្តើមផលិត ដែលប្រើពេលដល់ទៅ ៤ឆ្នាំ ទើបអាចចាក់បញ្ចាំងជាផ្លូវការ បានក្លាយជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ១៩៣៨ ។ បន្ទាប់មក នៅឆ្នាំ ១៩៥០ Cinderella ត្រូវបានផលិតឡើង ក្លាយជារឿងដែលជោគជ័យបន្ទាប់របស់ Disney Studio។ នៅក្នុងឆ្នាំ ១៩៥៥ វិញលោកបានបង្កើត Disneyland ឡើង ដើម្បីនាំយកតួអង្គ និងឈុតឆាកក្នុង ភាពយន្តគំនូរជីវចលរបស់ Disney Studio មកបង្ហាញនៅក្នុងសួនកម្សាន្តរបស់លោកផ្ទាល់។

ដំណើរការបង្កើត Walt Disney ស្ទូឌីយោ គឺបង្ហាញឲ្យឃើញពីឆន្ទះក្នុងការសម្រេចកិច្ចការមួយ ទោះបីជាត្រូវដួលងើបប៉ុន្មានដង ឲ្យតែយើងមិនទាន់បោះបង់ឱកាសនៅតែមានជានិច្ច។ លោកបាននិយាយថា “ភាពលំបាកទាំងអស់ដែលខ្ញុំមាននៅក្នុងជីវិត រាល់បញ្ហា និងឧបសគ្គទាំងអស់ដែលខ្ញុំបានឆ្លងកាត់ បានធ្វើឲ្យខ្ញុំកាន់តែរឹងមាំក្នុងការងើបឈរឡើងម្តងទៀត។”




