Xiaohongshu ឬ RedNote គឺជាវេទិកាបណ្តាញសង្គមដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយសហស្ថាបនិកពីររូបគឺ Charlwin Mao និង Miranda Qu។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង សម្រាប់ចែករំលែកបទពិសោធន៍ និងការណែនាំអំពីការទិញទំនិញពីបរទេស និងព័ត៌មានជាក់ស្តែងអំពីទំនិញ ជាពិសេសផលិតផលថែរក្សាសម្រស់ និងជីវិតប្រចាំថ្ងៃ ដោយផ្អែកលើបទពិសោធន៍ពិតប្រាកដ មិនមែនជាការផ្សព្វផ្សាយនោះទេ។
នៅចន្លោះឆ្នាំ ២០១៤ និង ២០១៥ Xiaohongshu ចាប់ផ្តើមមានកំណើនអ្នកប្រើប្រាស់កើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសអ្នកប្រើប្រាស់វ័យក្មេង ដើម្បីស្វែងរកការណែនាំពីការប្រើប្រាស់ផលិតផលផ្សេងៗ។ បន្ទាប់ពីមានការរីកចម្រើន ក៏បានបន្ថែមមុខងារ E-commerce ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញផលិតផលបានផ្ទាល់នៅក្នុងកម្មវិធី ដែលបានបញ្ចូលគ្នារវាងបណ្តាញសង្គម (Social Media) និងការលក់អនឡាញ (Online Shopping) ដែលក្លាយជាគំរូថ្មីមួយនៅក្នុងវិស័យឌីជីថល។

Xiaohongshu បានក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំជាងគេនៅក្នុងឆ្នាំ ២០១៨ ដែលបានទាក់ទាញការវិនិយោគរាប់លានដុល្លារបន្ថែមពីក្រុមហ៊ុនល្បីៗដូចជា Alibaba, Tencent និង JD.com។ សព្វថ្ងៃ កម្មវិធីនេះបានពង្រីកទៅលើវិស័យជាច្រើនដូចជា សុខភាព អាហារ និងជីវិតរស់នៅ (Lifestyle) ជាពិសេសក្លាយជាវេទិកាដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសចិន។

Miranda Qu បានចែករំលែកថាអ្វីដែលនាំឲ្យលោកស្រី ទទួលបានជោគជ័យជាសហគ្រិននៅគឺការយល់ដឹងពីតម្រូវការសម័យកាលថ្មី ជាពិសេសតម្រូវការយុវជនក្នុងសម័យ Generation Z នៅប្រទេសចិន ដែលបានទាក់ទាញអ្នកប្រើប្រាស់ទាំងនោះ ឲ្យក្លាយជាអ្នកប្រើប្រាស់គោលរបស់ខ្លួន ក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយ។




