បើនិយាយពីកាំជ្រួចលឿនជាងសម្លេងថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា Dark Eagle នេះ មិនត្រឹមតែអាចហោះបានលឿនជាងសម្លេងប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មាននូវលក្ខណៈពិសេសៗជាច្រើនផងដែរ ហើយវាគឺត្រូវអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន Lockheed Martin និងកងទ័ពរបស់សហរដ្ឋអាមេរិកផ្ទាល់។

ក្នុងនោះ សម្រាប់សមត្ថភាពរបស់កាំជ្រួចថ្មីនេះវិញ គឺអាចបាញ់បង្ហោះបានចម្ងាយ 3,500គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ពោលគឺអាចហោះបានលឿនជាងសម្លេងដល់ទៅ ៥ដងឯណ្ណោះ (Mach 5) ។ លើសពីនេះ វាអាចបំពាក់នូវក្បាលគ្រាប់ដែលមានទម្ងន់ ១៣,៦គីឡូក្រាម ដើម្បីវាយប្រហារប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារដែនអាកាស និងទីបញ្ជាការសម្ងាត់ផងដែរ។

ក្នុងនោះ វាត្រូវបានបង្ហាញចេញជាផ្លូវការនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ទៅកាន់ឃ្លាំងអាវុធ Redstone និងទីស្នាក់ការកណ្តាលថ្មីរបស់បញ្ជាការអវកាសសហរដ្ឋអាមេរិក (U.S. Space Command) នៅក្នុងរដ្ឋ Alabama ៕




