បន្ទាប់ពីពឹងផ្អែកលើក្រុមហ៊ុនតៃវ៉ាន់ និងក្រុមហ៊ុនចិនអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានប្រកាសគ្រោងនឹងបង្វែរ ឬផ្លាស់ប្តូរនូវទិសដៅក្នុងផ្នែកឧស្សាហកម្មរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងចាប់ផ្តើមផ្គុំ និងវេចខ្ចប់បន្ទះឈីប iPhone របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាវិញ។
ក្នុងនោះ ការផ្លាស់ប្តូរនេះ គឺត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្នែកលើប្រទេសចិនដែលជាមូលដ្ឋានធំរបស់ខ្លួន។

បច្ចុប្បន្ន ក្រុមហ៊ុន Apple កំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតបន្ទះឈីបក្នុងប្រទេសឥណ្ឌាជាច្រើនដើម្បីធ្វើការសិក្សាពីលទ្ធភាពនៃការផ្គុំ និងវេចខ្ចប់បន្ទះឈីប iPhone របស់ខ្លួន ហើយក្នុងចំណោមក្រុមហ៊ុនទាំងនេះ ក្រុមហ៊ុន CG Semi គឺមានភាគរយខ្ពស់ជាងគេដែលអាចនឹងសហការគ្នាជាមួយនឹងក្រុមហ៊ុន Apple ។

គួរបញ្ជាក់ថា ទោះបីជាការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយជោគជ័យក៏ដោយ ក៏ប៉ុន្តែតៃវ៉ាន់ និងប្រទេសចិន ក៏នៅតែជាមូលដ្ឋានចម្បងរបស់ក្រុមហ៊ុន Apple ផងដែរ។ បច្ចុប្បន្ន បន្ទះឈីប iPhone ជាច្រើនរបស់ក្រុមហ៊ុន Apple គឺត្រូវបានផលិតដោយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ និងផ្គុំ ឬវេចខ្ចប់ដោយក្រុមហ៊ុនចិន៕




