យោងតាមសារព័ត៌មានចិនជាច្រើនដែលយកប្រភពពីអ្នកក្នុងឧស្សាហកម្ម និងព័ត៌មានបែកធ្លាយតាមបណ្តាញសង្គម រថយន្តអគ្គិសនី Xiaomi SU7 ត្រូវបានរំពឹងថានឹងទទួលបានម៉ូឌែលធ្វើបច្ចុប្បន្នភាព (refresh) នៅត្រីមាសទី 2 ឆ្នាំ 2026។ ការធ្វើបច្ចុប្បន្នភាពនេះ (Update) ត្រូវបានរាយការណ៍ថា នឹងមានការកែប្រែផ្នែករចនាខាងក្រៅ សមត្ថភាពសាកថ្ម និងឧបករណ៍ Hardware ក្នុងរថយន្ត ព្រមទាំងមានការបញ្ជាក់ថា តម្លៃនឹងកើនឡើងប្រៀបធៀបនឹងម៉ូឌែលបច្ចុប្បន្ន។
រូបថត Spy ដែល CarNewsChina បានចុះផ្សាយកាលពីថ្ងៃទី 14 ខែវិច្ឆិកា បង្ហាញរថយន្ត SU7 សាកល្បងដែលមានមានភាពខុសគ្នានៅផ្នែកខាងមុខ ប្រៀបធៀបនឹងម៉ូឌែលដែលកំពុងផលិតលក់។ សារព័ត៌មានរថយន្តចិនរាយការណ៍ថា SU7 ដែលបានធ្វើបច្ចុប្បន្នភាព នឹងបង្ហាញខ្លួននៅទីផ្សារចិននៅត្រីមាសទី 2 ឆ្នាំក្រោយ ជាមួយតម្លៃកើនឡើងប្រហែល 2,800 ដុល្លារអាមេរិក បើប្រៀបនឹងម៉ូឌែលបច្ចុប្បន្ន។ បច្ចុប្បន្ន SU7 ដែលចេញលក់នៅខែមីនា ឆ្នាំ 2024 មានតម្លៃប្រហែល 30,100 ដុល្លារ សម្រាប់ម៉ូឌែល FWD, 34,300 ដុល្លារ សម្រាប់ម៉ូឌែល Pro និង 41,800 ដុល្លារ សម្រាប់ម៉ូឌែល Max ដែលមានម៉ូទ័រពីរ។ តាមរបាយការណ៍ SU7 ថ្មីនឹងប្រើថ្មសមត្ថភាពខ្ពស់ជាងមុន ដែលជាស្តង់ដារទីផ្សារ និងគាំទ្រការសាកល្បឿនលឿន 5C។ បច្ចុប្បន្ន SU7 ប្រើស្ថាបត្យកម្មអគ្គិសនីខុសគ្នាតាមម៉ូឌែល ដោយម៉ូឌែល Max ប្រើប្រព័ន្ធ 800V ខណៈម៉ូឌែលមូលដ្ឋាន និង Pro ប្រើវ៉ុលទាបជាង។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានមើលថា ជាជំហានបង្រួមស្តង់ដារសាកល្បឿនលឿនឲ្យស្មើគ្នា។
ផ្នែកខាងក្រៅរបស់ SU7 ថ្មី ត្រូវបានរាយការណ៍ថា មានការកែប្រែបែប mid-cycle refresh ដោយមានការកែរចនាតំបន់ប៉ាណាខាងមុខ ដើម្បីបង្កើនប្រសិទ្ធភាព aerodynamics។ លើសពីនេះ ម៉ូឌែលថ្មីក៏ត្រូវបានគេរំពឹងថា នឹងបន្ថែមសញ្ញា blind-spot warning ដែលបញ្ចូលនៅលើកញ្ចក់ចំហៀង ជាលក្ខណៈពិសេសដែលមិនមាននៅលើ SU7 បច្ចុប្បន្ន។ ផ្នែក Hardware សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ ក៏ត្រូវបានរំពឹងថា នឹងមានការធ្វើបច្ចុប្បន្នភាពផងដែរ។ តាមរបាយការណ៍ SU7 ថ្មីអាចនឹងប្រើវេទិកាគណនាកម្មវិធីជំនួយបើកបរថ្មី ដែលអាចរួមមានឈីបកម្រិតខ្ពស់ជាងឧបករណ៍ដែលកំពុងប្រើសព្វថ្ងៃ។ ទោះជាយ៉ាងណា Xiaomi មិនទាន់បញ្ជាក់ជាផ្លូវការអំពីប្រភេទឈីប ឬការកំណត់ប្រព័ន្ធចុងក្រោយនៅឡើយទេ។ សារព័ត៌មានចិនក៏រាយការណ៍ថា ថ្មីៗនេះ Xiaomi បានពង្រីកស្តុក ធ្វើឲ្យអតិថិជនខ្លះអាចទទួលរថយន្តបានលឿនជាងមុន មុនពេលម៉ូឌែលជំនាន់ថ្មីត្រូវបានដាក់ចេញ។




