ជាទូទៅ ឈីសចាត់ទុកជាអាហារដ៏ពេញនិយមមួយសម្រាប់ជនជាតិបរទេស ភាគច្រើនឃើញតែប្រទេសគេផលិត ប៉ុន្តែនៅពេលនេះ ខ្មែរយើងក៏មានសមត្ថភាពក្នុងការផលិតដូចគ្នា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល។
ក្នុងនោះ យើងក៏មាន La Fattoria – ឡាហ្វាតតូរៀ ជាក្រុមហ៊ុនផលិតឈីសដំបូងគេនៅកម្ពុជា។ មោទនភាពមួយ ខ្មែរយើងអាចផលិតបានឈីស ដែលមានគុណភាព និងមានការពិសោធន៍ត្រឹមត្រូវ ទើបអាចចរាចរលើទីផ្សារបាន។ ជាឈីស ដែលផលិតឡើងដោយកូនខ្មែរ បានទៅរៀនរូបមន្តពីប្រទេសអុីតាលីយកមកកែច្នៃបន្ថែមផលិតចេញជាឈីសស្រស់។

La Fattoria – ឡាហ្វាតតូរៀ បែងចែកឈីសចេញជា ៣ប្រភេទធំៗដូចជា ឈីសស្រស់ ឈីសទន់ និងឈីសស្ងួត។ សម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាននានាក្នុងស្រុក។ ក្រៅពីនេះ ក្រុមហ៊ុនមានផលិតយ៉ាអ៊ួរផ្លែឈើស្រស់ៗផងដែរ។ ចំណែកលក្ខណពិសេសរបស់ផលិតផលនីមួយៗ មិនមានសារធាតុរក្សាទុក។ គ្រប់ផលិតផលទាំងអស់ប្រើប្រាស់ទឹកដោះគោស្រស់ក្នុងស្រុក គិរីសួគ៌ មកផលិតចេញជាឈីសស្រស់ថ្មីៗ មានក្លិនឈ្ងុយ ផ្ទុកនូវអាហារូបត្ថម្ភពេញលេញមួយសម្រាប់លោកអ្នកទទួលទាន។

ចំណុចនេះបានបង្ហាញឲ្យឃើញថា នៅប្រទេសយើង មានសហគ្រាសតូចធំជាច្រើន ដែលមានសមត្ថភាពកំពុងសម្ងំកែច្នៃ ផលិតផលប្រើប្រាស់ បរិភោគ គ្រឿងទេសជាច្រើនប្រភេទ ដោយមិនចាបាច់ពឹងផ្អែកទាំងស្រុងទៅលើផលិតផលបរទេសទៀត។ ជាពិសេសនោះ មិនត្រឹមតែកែច្នៃផលិតអាហារក្នុងស្រុកនោះទេ សូម្បីអាហារបរទេសក៏អាចផលិតបានដូចគ្នា។ ដូច្នេះ សូមចូលរួមគាំទ្រផលិតផលជាតិ ប្រៀបដូចជាបានជួយលើកទឹកចិត្តដល់ពាណិជ្ជករ និងជំរុញសេដ្ឋកិច្ចជាតិ។




