ប្រធានផ្នែកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោករំពឹងថានឹងធ្វើការសម្រេចចិត្ត ថាតើត្រូវផ្តល់ការយល់ព្រមប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer, Moderna និង AstraZeneca ឬអត់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកស្រី Soumya Swaminathan បាននិយាយថា ស្ថាប័នសុខភាពពិភពលោកអាចធ្វើការសម្រេចចិត្តលើវ៉ាក់សាំងរបស់ Pfizer ក្នុងរយៈពេលពីរ ឬបីសប្តាហ៍ទៀត ហើយក្រោយមកបាននិយាយថា ខ្លួនក៏អាចពិនិត្យឡើងវិញនូវវ៉ាក់សាំងរបស់ Moderna និង AstraZeneca ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយផងដែរ។
គួរឲ្យដឹងថា ការយល់ព្រមពីអង្គការសុខភាពពិភពលោក នឹងអាចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសមួយចំនួន ដែលអ្នកត្រួតពិនិត្យវេជ្ជសាស្ត្រជាតិមិនទាន់អាចវាយតម្លៃវាបាន។ លោកស្រី Swaminathan បានបន្ថែមថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១០ បានបង្ហាញចំណាប់អារម្មណ៍ ឬដាក់សំណើសុំការយល់ព្រមជាបន្ទាន់ សម្រាប់ការប្រើវ៉ាក់សាំងកូវីដ១៩។
យ៉ាងណាក៏ដោយ វ៉ាក់សាំង Pfizer បានទទួលការយល់ព្រមជាបន្ទាន់នៅក្នុងប្រទេសអង់គ្លេស និងកាណាដា រួចទៅហើយ ហើយវាក៏អាចទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតដែរ៕