ក្រុមហ៊ុន Hyundai បានទិញយកក្រុមហ៊ុនផលិតរ៉ូបូតមួយ ឈ្មោះ Boston Dynamics ពីក្រុមហ៊ុន SoftBank Group ជាមួយនឹងតម្លៃសរុប ៩២១ លានដុល្លារ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor នឹងចំណាយលុយពាក់កណ្តាលនៃតម្លៃសរុបនោះ ខណៈក្រុមហ៊ុន Hyundai Mobis Co. នឹងចំណាយពាក់កណ្តាលទៀត។
គួរឲ្យដឹងថា ក្រុមហ៊ុនBoston Dynamics បានចាប់ផ្តើមមានជីវិតនៅឆ្នាំ ១៩៩២ នៅពេលដែលវិស្វករ Marc Raibert ពង្រីកក្រុមហ៊ុនពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts Institute of Technology។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនខាងលើបានធ្វើការស្រាវជ្រាវ និងការងារមនុស្សយន្តជាចម្បង សម្រាប់យោធាអាមេរិក និង DARPA ប៉ុន្តែកាលពីដើមឆ្នាំនេះបានចាប់ផ្តើមលក់សត្វឆ្កែរ៉ូបូតជើងបួនរបស់ខ្លួន ដែលមានឈ្មោះថា Spot ក្នុងតម្លៃ ៧៥ ០០០ ដុល្លារ។
ការងាររបស់ Boston Dynamics ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅដើមឆ្នាំ ២០១០ រហូតដល់ក្រុមហ៊ុន Google បានទិញក្រុមហ៊ុននេះក្នុងឆ្នាំ ២០១៣ ប៉ុន្តែបានផ្ទេរវាទៅឲ្យក្រុមហ៊ុន SoftBank Group នៅឆ្នាំ ២០១៧ វិញ។ ពេលនោះទាំង Google និង SoftBank Group មិនបានប្រកាសថាពួកគេចាយលុយប៉ុន្មាន ដើម្បីទិញយក Boston Dynamics ឡើយ៕