ប្រធានាធិបតីនៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) លោក Nayib Bukele បានប្រកាសថា ប្រទេសរបស់ខ្លួនបានទិញ Bitcoins ចំនួន ១៥០ កាក់បន្ថែមទៀត ធ្វើឲ្យប្រទេសនេះកាន់កាប់រូបិយប័ណ្ណឌីជីថលសរុប ៧០០ កាក់ហើយ។
គួររំលឹកឲ្យដឹងដែរថា អែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលយក Bitcoin ជាការទូទាត់ស្របច្បាប់ នៅក្នុងចលនាមួយដែលធ្វើឲ្យប្រទេសនេះ និងពិភពលោក ជជែកវែកញែកគ្នាអំពីឱកាស និងគ្រោះថ្នាក់នៃរូបិយប័ណ្ណឌីជីថលមួយនេះ។
តាមរយៈច្បាប់ថ្មីរបស់ប្រទេសអែលសាល់វ៉ាឌ័រ អាជីវកម្មទាំងអស់នឹងមានកាតព្វកិច្ចតាមលទ្ធភាពដែលអាចទទួលយកកាក់ឌីជីថល Bitcoin ជាការទូទាត់ស្របច្បាប់។
មិនតែប៉ុណ្ណោះ មនុស្សរាប់លាននាក់ក្នុងប្រទេសអែលសាល់វ៉ាឌ័រ ត្រូវបានគេរំពឹងថា នឹងទាញយកកម្មវិធីកាបូបឌីជីថលថ្មីរបស់រដ្ឋាភិបាល ដែលផ្តល់ប្រាក់ចំនួន ៣០ ដុល្លារនៅក្នុង Bitcoin ដល់ពលរដ្ឋគ្រប់រូបទៀតផង៕