ក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសថៃ SCG Packaging បានប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៣៥៣ លានដុល្លារ ដើម្បីពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនខាងលើនឹងសាងសង់រោងចក្រថ្មីមួយ នៅខេត្ត Vinh Phuc ភាគខាងជើង ដែលនឹងបង្កើនសមត្ថភាពរបស់ខ្លួន ៧៤ ភាគរយ ដល់ ៨៧០ ០០០ តោនក្នុងមួយឆ្នាំ ស្រាប់ផ្នែកក្រដាសវេចខ្ចប់ នៅពេលដែលវាដំណើរការក្នុងឆ្នាំ ២០២៤។
គួរឲ្យដឹងថា វានឹងត្រូវបានដំណើរការដោយ Vina Kraft Paper ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Rengo Company របស់ជប៉ុន ដោយក្នុងនោះ SCGP កាន់កាប់ហ៊ុន ៧០ ភាគរយ។
លោក Wichan Jitpukdee នាយកប្រតិបត្តិរបស់ SCGP បាននិយាយថា ប្រទេសវៀតណាមគឺជាអ្នកប្រើប្រាស់ និងអ្នកនាំចេញដ៏ធំនៅក្នុងតំបន់ ដែលធ្វើឲ្យវាក្លាយជាការទាក់ទាញដ៏ធំសម្រាប់វិនិយោគិនពហុជាតិ។
បើយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន SCGP បានឲ្យដឹងថា តម្រូវការរបស់ប្រទេសវៀតណាម សម្រាប់ក្រដាសវេចខ្ចប់ និងផលិតផលពាក់ព័ន្ធ ត្រូវបានគេរំពឹងថានឹងកើនឡើងពី ៦-៧ ភាគរយក្នុងមួយឆ្នាំ នៅឆ្នាំ ២០២១-២៤៕