យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនប្រេងបារាំង TotalEnergies និងក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតអាមេរិក Amazon បានប្រកាសពីការសហការគ្នាជាផ្លូវការ។
ក្នុងនោះក្រុមហ៊ុន TotalEnergies នឹងផ្គត់ផ្គង់ថាមពលអគ្គិសនីដែលអាចប្រើប្រាស់ឡើងវិញ ដល់ក្រុមហ៊ុន Amazon ខណៈក្រុមហ៊ុន Amazon នឹងជួយដល់យុទ្ធសាស្ត្រឌីជីថលរបស់ក្រុមហ៊ុន TotalEnergies វិញ។
ក្រុមហ៊ុនទាំងពីរខាងលើបានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន TotalEnergies និង Amazon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលអគ្គីសនី ៤៧៤ មេហ្កាវ៉ាត់នៃថាមពលកកើតឡើងវិញនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយរំពឹងថានឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅមជ្ឈឹមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ទៀតផង។
ដោយឡែក ក្រុមហ៊ុន Amazon ក៏នឹងជួយដល់ក្រុមហ៊ុន TotalEnergies ដែរ នៅក្នុងផ្នែកមួយចំនួន ដូចជា ការផ្លាស់ប្តូរសម្ភារៈកាន់តែច្រើនបន្ថែមទៀត ទៅលើសេវាកម្មកុំព្យូទ័រពពក (cloud computing services) វិញ៕