តារាសម្តែងស្រីអាមេរិក Scarlett Johansson កំពុងតែប្តឹងទៅក្រុមហ៊ុន Disney ពីបទរំលោភកិច្ចសន្យា បន្ទាប់ពីក្រុមហ៊ុននេះបានចាក់ផ្សាយខ្សែភាពយន្ត Black Widow ក្នុងពេលដំណាលគ្នា នឹងការចេញផ្សាយនៅរោងភាពយន្ត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្សែភាពយន្តនេះបានបំបែកកំណត់ត្រា box office ក្នុងអំឡុងពេលមានជំងឺកូវីដ១៩ ដែលអាចរកចំណូលបាន ២១៨ លានដុល្លារ នៅសប្តាហ៍ដំបូងរបស់វា។ ប៉ុន្តែក្រោយមក box office ក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយតារាស្រី Johansson អះអាងថា នាងក៏បាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រុមហ៊ុន Disney បាននិយាយថា ខ្លួនបានគោរពយ៉ាងពេញលេញ ជាមួយកិច្ចសន្យារបស់នាង។
តារាស្រីវ័យ ៣៦ឆ្នាំ Johansson បាននិយាយថា នាងត្រូវបានសន្យាដោយ Marvel Studios ដែលជាកម្មសិទ្ធិរបស់ Disney ថា ខ្សែភាពយន្ត Black Widow នឹងចេញផ្សាយនៅរោងភាពយន្តមុន ទើបចេញនៅលើបណ្តាញ Streaming តាមរយៈវេបសាយតាមក្រោយ។
យ៉ាងណាមិញ តាមរយៈប្រភពជិតស្និទ្ធិតារាស្រីខាងលើ បានឲ្យដឹងថា នាង Johansson បានខាតបង់ប្រាក់ចំណូល ៥០លានដុល្លារ ដោយសារតែប្រាក់ឈ្នួលរបស់នាង គឺផ្អែកលើចំណូល box office នេះតែម្តង៕