យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋានគយនៃប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងស៊ីហ្គា ៥០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ ស្របតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។
លោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានខាងលើ បាននិយាយថា ការកាត់បន្ថយនេះគឺយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ថ្ងៃទី ១៤ ខែកញ្ញា ដែលពាក់ព័ន្ធនឹងផែនការ “ស្តារសេដ្ឋកិច្ច ក្រោយកូវីដ១៩” ដោយលើកទឹកចិត្តជនបរទេសដែលមានទ្រព្យសម្បត្តិ និងអ្នកជំនាញ ដែលមានជំនាញខ្ពស់មកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។
គួរឲ្យដឹងថា គម្រោងនេះសង្ឃឹមថានឹងទាក់ទាញមនុស្សដែលមានសមត្ថភាពជាង ១លាននាក់មកកាន់ប្រទេសថៃ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងបង្កើតប្រាក់បានប្រហែល ១ពាន់ពាន់លានបាតក្នុងរយៈពេលនេះ។
ក្រុមមនុស្សខាងលើនេះត្រូវបានគេរំពឹងថា នឹងចំណាយជាមធ្យម ១ លានបាតក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ ខណៈស្នាក់នៅ និងធ្វើការនៅទីនោះ។
មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍នៅក្នុងកញ្ចប់នេះក៏រួមបញ្ចូលទិដ្ឋាការថៃ រយៈពេល ១០ ឆ្នាំ សម្រាប់ភ្ញៀវពិសេសដែលបានអនុញ្ញាតរួមជាមួយប្តីប្រពន្ធ និងកូនរបស់ពួកគេ, អត្រាពន្ធលើប្រាក់ចំណូលដូចពលរដ្ឋថៃ, ការលើកលែងពន្ធសម្រាប់ប្រាក់ចំណូលដែលទទួលបាននៅបរទេស និងសិទ្ធិកម្មសិទ្ធិលើទ្រព្យសម្បត្តិ និងដីធ្លី ទៀតផង៕