ក្រុមហ៊ុនហ្គេមយក្ស Electronic Arts (EA) នឹងទិញយកក្រុមហ៊ុនផលិតហ្គេមវីដេអូរបស់អង់គ្លេស Codemasters ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,២ ពាន់លានដុល្លារ។
Codemasters ត្រូវបានគេស្គាល់យ៉ាងច្បាស់ បន្ទាប់ពីបានផលិតហ្គេមប្រណាំងឡានល្បីៗ ដូចជា Dirt Rally និង Formula 1។ ដោយឡែកចំពោះ EA វិញ គឺជាម្ចាស់សិទ្ធិអាជីវកម្មផ្តាច់មុខលើពិភពលោក សម្រាប់ហ្គេមប្រណាំងឡាន Need for Speed។
ទោះជាយ៉ាងណា ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Codemasters រួមទាំងប្រធាននាយកប្រតិបត្តិ និងប្រធានហិរញ្ញវត្ថុ នឹងនៅតែបន្តជាមួយក្រុមហ៊ុនក្នុងអំឡុងពេលផ្លាស់ប្តូរទៅជា EA ខណៈកិច្ចព្រមព្រៀងរំពឹងថានឹងរួចរាល់ នៅចុងខែមីនា ឆ្នាំ ២០២១។
គួរឲ្យដឹងថា Codemasters ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៦ ដោយបងប្អូនប្រុស ២នាក់ គឺលោក David និង Richard Darling ដោយមានមូលដ្ឋាននៅក្នុងទីក្រុង Warwickshire៕