យោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ថា ក្រុមហ៊ុន Google នឹងអនុញ្ញាតឲ្យនិយោជិករបស់ខ្លួនធ្វើការពីផ្ទះ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ដោយពន្យារពេលត្រឡប់មកធ្វើការនៅការិយាល័យវិញជាច្រើនខែ។
នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានប្រាប់បុគ្គលិកក្រុមហ៊ុនតាមអ៊ីមែល កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុនកំពុងសាកល្បងគំនិតនៃ “សប្តាហ៍ការងារដែលអាចបត់បែនបាន” (flexible work week) រហូតទាល់តែមានសុវត្ថិភាពក្នុងការវិលត្រឡប់មកកាន់ការិយាល័យវិញ។
ជាផ្នែកមួយនៃផែនការនេះ បុគ្គលិករបស់ Google នឹងរំពឹងថា អាចធ្វើការយ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្តាហ៍នៅក្នុងការិយាល័យ ខណៈធ្វើការពីផ្ទះនៅថ្ងៃផ្សេងទៀត។
លោក Pichai បានសរសេរនៅក្នុងអ៊ីមែលថា “យើងកំពុងសាកល្បងសម្មតិកម្មថា គំរូការងារដែលអាចបត់បែនបាន នឹងនាំឲ្យមានផលិតភាព ការសហការ និងសុខមាលភាពកាន់តែខ្លាំង”។
គួរឲ្យដឹងថា Google គឺជាក្រុមហ៊ុនដំបូងគេដែលបានស្នើសុំឲ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ ដោយសារជំងឺរាតត្បាតកូវីដ១៩៕