យោងតាមនាយកដ្ឋានធុរកិច្ចថាមពល (Department of Energy Business ឬហៅកាត់ថា DOEB) បានឲ្យដឹងថា ការប្រើប្រាស់ប្រេងនៅប្រទេសថៃ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ១៣ ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច។
លោក Nanthika Thangsupanich អគ្គនាយកដ្ឋានខាងលើ បានមានប្រសាសន៍ថា ការរឹតត្បិតចរាចរណ៍ផ្លូវអាកាស និងផ្លូវគោកទូទាំងពិភពលោក ក្នុងពេលមានជំងឺរាតត្បាត ក៏ជាមូលហេតុចម្បងមួយនៃការធ្លាក់ចុះនេះដែរសម្រាប់ប្រទេសថៃ។
ពីខែមករាដល់ខែតុលាឆ្នាំនេះ ការប្រើប្រាស់ប្រេងនៅក្នុងប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ១៣៧ លានលីត្រក្នុងមួយថ្ងៃ ពោលធ្លាក់ពី ១៥៧ លានលីត្រក្នុងមួយថ្ងៃ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្រូវការប្រេងសាំង បានធ្លាក់ចុះពី ២,៤% ពី ៣២,១ លានលីត្រក្នុងមួយថ្ងៃ មក ៣១,៣ លានលីត្រក្នុងមួយថ្ងៃ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលការប្រើប្រាស់ប្រេងម៉ាស៊ូត បានធ្លាក់ចុះ ៣,៦% ពី ៦៧,១ លានលីត្រក្នុងមួយថ្ងៃ មក ៦៤,៦ លានលីត្រក្នុងមួយថ្ងៃ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ។
ដោយឡែក ការប្រើប្រាស់ហ្គាស់ធម្មជាតិ (LPG) បានថយចុះ ១៤,៦% ពី ១៧,៩ លានលីត្រក្នុងមួយថ្ងៃ មក ១៥,៣ លានលីត្រក្នុងមួយថ្ងៃ ខណៈឧស្ម័នធម្មជាតិដែលបានបង្ហាប់ (compressed natural gas) បានធ្លាក់ចុះ ២៩,៥% ពី ៥ ៥០០ តោនក្នុងមួយថ្ងៃ មកត្រឹម ៣ ៨០០ តោនក្នុងមួយថ្ងៃ៕