ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម (National utility Vietnam Electricity ឬហៅកាត់ថា EVN) បានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៣ ដើម្បីទិញថាមពលពីក្រុមហ៊ុនឡាវ ស្របពេលកំពុងមានការខ្វះខាតថាមពល។
យោងតាមអនុស្សារណៈនៃការយោគយល់ដែលបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ក្រុមហ៊ុន EVN នឹងទិញថាមពលពីរោងចក្រវារីអគ្គិសនីចំនួន ២ និងរោងចក្រថាមពលកំដៅធ្យូងថ្មមួយ នៅក្នុងប្រទេសឡាវ ចាប់ពីឆ្នាំ ២០២៤។
គួរឲ្យដឹងថា រោងចក្រវារីអគ្គិសនី Nam Yeuang កម្លាំង ៨៤ មេហ្គាវ៉ាត់ និងរោងចក្រថាមពលកំដៅធ្យូងថ្ម Nam Phan កម្លាំង ៣០០ មេហ្គាវ៉ាត់ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Phongsubthavy Group គ្រោងនឹងបញ្ជូនអគ្គិសនីទៅប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០២៤ និង ២០២៥។
រោងចក្រវារីអគ្គិសនីមួយទៀតឈ្មោះ Nam Neun 1 ដែលមានសមត្ថភាពផលិតកម្លាំងអគ្គិសនី ១២៤ មេហ្គាវ៉ាត់ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Kong Sup Hydro Development of Nam Neun 1 and Nam Neun 3 ក៏នឹងចាប់ផ្តើមផ្តល់ថាមពលដល់ប្រទេសវៀតណាម ក្នុងរយៈពេល ២ ឆ្នាំនោះដែរ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន EVN កាលពីខែមករាកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ ជាមួយក្រុមហ៊ុនឡាវ ២ ដើម្បីទិញថាមពលសរុប ១,៥ ពាន់លានគីឡូវ៉ាត់ម៉ោង រៀងរាល់ឆ្នាំ នៅឆ្នាំ ២០២១ និង ២០២២ ។
កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានព្រមានអំពីកង្វះខាតថាមពលចំនួន ៣,៧ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២១ និងជិត ១០ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំបន្ទាប់ ស្របពេលការសាងសង់រោងចក្រកំដៅ និងឧស្ម័នថ្មី បានយឺតជាងផែនការ។
ជាមួយគ្នានេះដែរ ឆ្នាំ ២០២៣ នឹងមានភាពតានតឹងបំផុត ដោយសារការខ្វះខាតដែលរំពឹងថានឹងមានប្រហែល ១៥ ពាន់លានគីឡូវ៉ាត់ម៉ោង។ បន្ទាប់មកទៀត វានឹងថយចុះ ដោយរំពឹងថានឹងធ្លាក់ចុះដល់ ៧ ពាន់លានគីឡូវ៉ាត់ម៉ោង និង ៣,៥ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៤ និង ២០២៥៕