លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្ដាញសង្គម Facebook បានឡើងលេខជាបុគ្គលមានជាងគេលើលោកលំដាប់ទីបី ជាមួយទ្រព្យសម្បត្តិ ១៨៧ពាន់លានដុល្លារ។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដែលលោក Mark Zuckerberg បានចូលក្នុងចំណាត់ថ្នាក់កំពូលទាំងបី ខណៈលោក Elon Musk ជានាយកប្រតិបត្តិ Tesla បានធ្លាក់តំណែងមកនៅលេខបួន ជាមួយទ្រព្យសម្បត្តិសរុប ១៨១ពាន់លានដុល្លារ។
បើតាមវិបសាយ Fortune ឲ្យដឹងថាទ្រព្យសម្បត្តិលោក Elon Musk បានថយចុះ ៤៨,៤ពាន់លានដុល្លារ នៅឆ្នាំ២០២៤នេះ ខណៈលោក Mark Zuckerberg កើនឡើង ៥៨,៩ពាន់លានដុល្លារ នៅពេលតម្លៃហ៊ុនរបស់ Meta កើនឡើងនៅថ្ងៃទី៥ ខែមេសា។
ការថយចុះទ្រព្យរបស់លោក Elon Musk ទំនងជាទាក់ទងនឹងដំណឹងដែល Tesla អាចលក់រថយន្តបានត្រឹមតែ ៣៨៦ ៨០០គ្រឿង កាលពីត្រីមាសដំបូងនៃឆ្នាំ២០២៤។ វាជាលើកដំបូងក្នុងពេលជិត៤ឆ្នាំ ដែលការលក់របស់ក្រុមហ៊ុនមានការថយចុះ។ ដំណឹងនេះបានរុញឲ្យតម្លៃហ៊ុន Tesla ថយចុះភ្លាម ៧% និងថយចុះសរុប ៣៤% ចាប់តាំងពីដើមឆ្នាំ២០២៤៕