នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានមានប្រសាសន៍ថា គាត់សង្ឃឹមថានឹងចាក់វ៉ាក់សាំងឲ្យជនជាតិអាមេរិកក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានភ្លើងពណ៌បៃតង ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក US Food and Drug Administration (FDA)។
បន្ទាប់ពីក្រុមហ៊ុនខាងលើបានប្រកាសថា ខ្លួននឹងដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ ជាមួយ FDA កាលពីថ្ងៃច័ន្ទ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាជនជាតិអាមេរិកនឹងចាប់ផ្តើមទទួលបានវ៉ាក់សាំង “ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពី FDA បានផ្តល់ការយល់ព្រម”។
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានចង្អុលបង្ហាញពួកយើងថា ការប្រជុំគួរតែកើតឡើងនៅថ្ងៃទី ១៧ ខែធ្នូ ហើយសង្ឃឹមថា ប្រសិនបើអ្វីៗដំណើរការបានល្អ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត អ្នកអាចរំពឹងថានឹងទទួលបានវ៉ាក់សាំង ក្នុងរយៈពេល ២-៣ ថ្ងៃ។
ជាមួយគ្នានេះ លោក Stéphane បានបន្ថែមថា “គោលដៅគឺចាប់ផ្តើមចាក់វ៉ាក់សាំងឲ្យប្រជាជនអាមេរិក ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក ផ្តល់ការយល់ព្រម”។
គួរឲ្យដឹងថា Moderna ក៏បានចេញផ្សាយលទ្ធផលនៃការវិភាគលើជំងឺកូវីដ សរុប ១៩៦ ករណី ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ នៅថ្ងៃច័ន្ទនេះ ដែលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៤,១% ក្នុងការការពារជំងឺកូវីដ១៩។ ក្នុងនោះ Moderna ក៏បានអះអាងទៀតថា វ៉ាក់សាំងនេះអាចការពារជំងឺកូវីដ១៩ ធ្ងន់ធ្ងរ រហូតដល់ទៅ ១០០% ឯណោះ បន្ទាប់ពីបានធ្វើតេស្តលើ ៣០ ករណីកន្លងមក៕