ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas នឹងជួលបុគ្គលិកខាងក្រៅចំនួនជាង ២ ០០០ នាក់ សម្រាប់តួនាទី “ground staff roles” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ ទោះជាយ៉ាងណា Qantas បានកាត់បន្ថយបុគ្គលិកសរុបចំនួន ៦ ០០០ នាក់រួចមកហើយ កាលពីដើមឆ្នាំនេះ។
គួរឲ្យដឹងថា Qantas បានប្រកាសពីការខាតបង់ ២ ពាន់លានដុល្លារ ក្នុងខែសីហា ដោយសារការជំងឺកូវីដ១៩ និងការរឹតត្បិតព្រំដែនពាក់ព័ន្ធ។
លោក Andrew David នាយកប្រតិបត្តិក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas បានមានប្រសាសន៍ថា “ជាអកុសលណាស់ ដែលកូវីដ១៩ បានទាញទម្លាក់ក្រុមហ៊ុនអាកាសចរណ៍ឲ្យដាំក្បាលចុះយ៉ាងអាក្រក់បំផុត។
លោកបានបន្ថែមថា “ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក កំពុងធ្វើការសម្រេចចិត្តយ៉ាងពិបាកខ្លាំង ដើម្បីអាចរស់រានបាន ហើយការខូចខាតនឹងត្រូវការពេលជាច្រើនឆ្នាំដើម្បីជួសជុលឡើងវិញ”។
យ៉ាងណាមិញ Qantas សង្ឃឹមថាអាចនឹងសន្សំប្រាក់បានប្រហែល ៧៤ លានដុល្លារជារៀងរាល់ឆ្នាំ ដោយផ្អែកលើការប្តូរទៅប្រើសេវាភាគីទី៣ ជំនួសឲ្យការគ្រប់គ្រងសេវាកម្ម “ground services” ផ្ទាល់ខ្លួន៕