ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំមួយបង្ហាញថា វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford អាចបញ្ឈប់មនុស្សវិវត្តទៅជារោគសញ្ញាកូវីដ១៩ រហូតដល់ទៅ ៧០%។
វានឹងត្រូវបានគេមើលឃើញថាជាជ័យជំនះ ប៉ុន្តែបើងាកទៅមើលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna វិញ បង្ហាញពីការការពារដល់ ៩៥% ឯណោះ។
ទោះយ៉ាងណា វ៉ាក់សាំងរបស់ Oxford មានតម្លៃថោកជាង ហើយមានភាពងាយស្រួលក្នុងការផ្ទុក និងដឹកទៅដល់គ្រប់តំបន់នៃពិភពលោក ជាងរបស់ Pfizer និង Moderna។ ដូច្នេះវានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ ប្រសិនបើវាត្រូវបានអនុម័តឲ្យប្រើប្រាស់។
មិនតែប៉ុណ្ណោះ វាក៏មានទិន្នន័យគួរឲ្យចាប់អារម្មណ៍ផងដែរ ដែលបង្ហាញថា វ៉ាក់សាំងនេះអាចបង្កើនការការពាររហូតដល់ 90%។ ជាមួយគ្នានេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងរបស់ Oxford ចំនួន ១០០ លានដប ដែលគ្រប់គ្រាន់សម្រាប់មនុស្សចំនួន ៥០ លាននាក់៕