វិនិយោគិនផ្នែកក្រុមហ៊ុនលក់រាយជនជាតិចិន បានភ្លូកទឹកភ្លូកដីនាំគ្នាចូលរួមជាមួយ ក្រុមហ៊ុនមូលធនតាមអ៊ីនធឺណិត Futu Holdings ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលជួយឲ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ កើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២០ នេះ និងបានបង្កើនទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន គឺលោក Leaf Li ជិត ៤៦០ ភាគរយឯណោះ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលដំណើរការកម្មវិធីពាណិជ្ជកម្មឈ្មោះ Futubull និង Moomoo បានឃើញភាគហ៊ុនដែលបានចុះបញ្ជីនៅ Nasdaq កើនឡើងពី ៨,៣៤ ដុល្លារក្នុងមួយហ៊ុន (កាលពីខែមីនា) ដល់ ៤៦,៥១ ដុល្លារក្នុងមួយហ៊ុន នៅទីក្រុង New York ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ។
ស្ថាបនិកអាយុ ៤៤ ឆ្នាំរបស់ក្រុមហ៊ុន Futu Holding ដែលកាន់កាប់ភាគហ៊ុន ៤០ ភាគរយ ឥឡូវនេះមានទ្រព្យ ២,៣ ពាន់លានដុល្លារ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ Forbes ។
ទោះបីជាច្បាប់ដាក់ឲ្យនៅដាច់ដោយឡែកត្រូវបានបន្ធូរបន្ថយនៅប្រទេសចិនក៏ដោយ ក៏ក្រុមហ៊ុន Futu នៅតែទាក់ទាញវិនិយោគិន ហើយលោក Li និយាយថា លោកកំពុងរៀបចំមូលដ្ឋានសម្រាប់ការពង្រីកស្រដៀងគ្នានៅខាងក្រៅប្រទេសចិនទៀតផង។
ជាមួយគ្នានេះ ក្រុមហ៊ុន Futu បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកប្រើប្រាស់ចុះឈ្មោះលើកម្មវិធីរបស់ខ្លួន បានកើនឡើងដល់ជិត ១,២ លាននាក់ នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២០ ដែលកើនឡើង ៨០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕