អ្នកលក់ជនជាតិវៀតណាមជាង ១០០ ០០០ នាក់ កំពុងតែរកស៊ីនៅលើគេហទំព៧រ Amazon ខណៈខោអាវ និងទំនិញប្រើប្រាស់ក្នុងផ្ទះ គឺជាផលិតផលដែលលក់ដាច់បំផុតរបស់ពួកគេ។
លោក Gijae Seong ប្រធានក្រុមហ៊ុន Amazon Global Selling Vietnam បានថ្លែងថា ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកលក់បានផ្តោតលើផលិតផលដែលមានតម្រូវការខ្ពស់ ដូចជា សំភារៈផ្ទះបាយ ឧបករណ៍កីឡា និងរបស់របរតុបតែងផ្ទះ ជាដើម។
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំជាងគេបំផុតនៅលើពិភពលោកនេះ បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុននាំចេញរបស់វៀតណាម ដើម្បីលក់ម៉ាសពេទ្យដល់សហរដ្ឋអាមេរិក ហើយនឹងបន្តភាពជាដៃគូនេះ ដើម្បីលក់ម៉ាស ស្រោមដៃ និងសម្លៀកបំពាក់ការពារទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោក Gijae Seong។
លោកបានបន្ថែមថា មុនពេលតម្រូវការកើនឡើងសម្រាប់ផលិតផលដែលទាក់ទងនឹងរោគរាតត្បាត ទំនិញដែលពេញនិយមបំផុតដែលលក់ដោយអ្នកលក់វៀតណាម គឺខោអាវមនុស្សស្រី និងកុមារ, កាត 3D និង ផ្កាក្រដាស៕