ក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ធ្នូ នេះថា ប្រទេសជប៉ុននឹងទិញទូរទឹកកកចំនួន ១០ ៥០០ គ្រឿង សម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ១៩ និងកំពុងពិចារណាក្នុងការទិញទឹកកកស្ងួត ក្នុងខណៈដែលខ្លួនកំពុងត្រៀមការពារប្រជាជនពីមេរោគ។
ប្រទេសជប៉ុនមានកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងកូវីដ១៩ សរុបចំនួន ២៩០ លានដូស ពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន ១៤៥ លាននាក់ ប្រសិនបើមនុស្សគ្រប់គ្នាទទួលការចាក់ ២ ដងតាមតម្រូវការ។
វ៉ាក់សាំងរបស់ Pfizer ត្រូវតែរក្សាទុកនៅសីតុណ្ហភាពប្រហែល -៧៥ អង្សាសេ ហើយរបស់ Moderna ប្រហែល -២០ អង្សាសេ។
ក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Pfizer ក៏ដូចជា Moderna និងដៃគូក្នុងស្រុករបស់ខ្លួន គឺ Takeda Pharmaceutical គ្រោងនឹងបង្កើតបណ្តាញដើម្បីរក្សាវ៉ាក់សាំង នៅសីតុណ្ហភាពសមស្របនៅពេលដែលត្រូវចែកចាយ៕