ក្រុមហ៊ុនចិន Muyuan Foods Co Ltd កំពុងតែព្យាយាមចិញ្ចឹមសត្វជ្រូក នៅលើកន្លែងតែមួយ ច្រើនជាងក្រុមហ៊ុនណាៗទាំងអស់នៅលើពិភពលោក។
កសិដ្ឋានថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា និងបានចាប់ផ្តើមប្រតិបត្តិការដំបូង នៃអគារចំនួន ២១ របស់ខ្លួនកាលពីខែកញ្ញា បានបង្ហាញពីជំហានដ៏លឿនមួយ និងកំពុងតែជំនួសកសិដ្ឋានតូចៗ ដែលភាគច្រើនត្រូវបានបំផ្លាញ ដោយសារតែការផ្ទុះជំងឺសត្វកាលពីពេលថ្មីៗកន្លងទៅនេះ។
រហូតមកទល់ពេលនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Muyuan Foods Co Ltd បានកើនឡើង ១,៤១៣% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ សរុបស្មើនឹង ២១ ពាន់លានយ័ន (៣,២១ ពាន់លានដុល្លារ)។
នៅក្នុងការប្រកួតប្រជែងដើម្បីដណ្តើមយកភាគហ៊ុន ក្រុមហ៊ុនដូចជា Muyuan កំពុងរចនាកសិដ្ឋានស្វ័យប្រវត្តិកម្ម ដែលពួកគេអាចទប់ស្កាត់ជំងឺបាន ខណៈបង្កើនប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការសាច់ជ្រូកដ៏ធំរបស់ប្រទេសទៀតផង។
គួរឲ្យដឹងថា កសិដ្ឋានខ្នាតធំថ្មីរបស់ Muyuan ដែលស្ថិតនៅជិតទីក្រុង Nanyang នេះ នឹងមានពូជជ្រូកចំនួន ៨៤ ០០០ ច្រើន និងធំជាងគេបំផុតនៅលើពិភពលោក ពោលប្រហែល ១០ ដងនៃកន្លែងបង្កាត់ពូជសត្វជ្រូកធម្មតា នៅសហរដ្ឋអាមេរិក៕