វ៉ាក់សាំងទី២ ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ បានទទួលជោគជ័យក្នុងការការពារ ក្នុងដំណាក់កាលចុងក្រោយ នៃការស្រាវជ្រាវគ្លីនិក ដែលបង្ហាញពីជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna បានប្រកាសពីភាពជោគជ័យនៅព្រឹកថ្ងៃច័ន្ទនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយនិយាយថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៤,៥% ក្នុងការការពារជំងឺកូវីដ១៩។
ក្រុមអ្នកជំនាញឯករាជ្យ បានរកឃើញសញ្ញាច្បាស់នៃប្រសិទ្ធភាព បន្ទាប់ពីបានពិនិត្យមើលទិន្នន័យបឋមពីការសិក្សា ដែលមានមនុស្ស ៣០ ០០០ នាក់ចូលរួម។
វ៉ាក់សាំងរបស់ Moderna គឺជាវ៉ាក់សាំងធំទី២ ដែលបានប្រកាសពីជោគជ័យក្នុងដំណាក់កាលចុងក្រោយ។ ក្រុមហ៊ុន Pfizer ដែលជាអ្នកទទួលជោគជ័យលើវ៉ាក់សាំងដំបូងគេបង្អស់ បានប្រាប់ឲ្យដឹងកាលថ្ងៃទី៩ ខែវិច្ឆិកា ថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺកូវីដ១៩៕