Emirates រំពឹងថានឹងវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ ក្នុងរយៈពេលពីរឆ្នាំខាងមុខ នៅពេលច្រករបៀងសម្រាប់ធ្វើដំណើរថ្មីបើកទ្វារ ហើយឧស្សាហកម្មអាកាសចរណ៍ពិភពលោក ងើបឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនេះ។
លោក Tim Clark ប្រធានក្រុមហ៊ុន Emirates បានប្រាប់ទៅកាន់សារព័ត៌មាន CNBC ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ កាលពីថ្ងៃអាទិត្យថា “ខ្ញុំជឿជាក់ថា ក្នុងរយៈពេល ១៨ខែ ទៅ ២ឆ្នាំក្រោយ យើងនឹងត្រលប់ទៅរកប្រាក់ចំណេញវិញ”។
លោកបានបន្ថែមថា “យើងប្រាកដជាមានសាច់ប្រាក់វិជ្ជមាននៅចុងឆ្នាំក្រោយ ដោយត្រឡប់មករកប្រាក់ចំណេញក្នុងឆ្នាំហិរញ្ញវត្ថុ (financial year) ២០២២-២០២៣ វិញ”។
ទោះជាយ៉ាងណា កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Emirates Group បានរាយការណ៍អំពីការខាតបង់ ចំនួន ៣,៨ ពាន់លានដុល្លារ សម្រាប់ឆមាសទី១ នៃឆ្នាំ២០២០នេះ ដែលជាការខាតបង់លើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ដោយសារតែការបិទប្រទេសទាក់ទងនឹងជំងឺកូវីដ១៩៕